ក្រុមហ៊ុនអាកាចរណ៍ China Eastern Airlines បានសម្រេចផ្អាកការហោះហើរយន្តហោះប្រភេទ Boeing 737-800 ចំនួន ២២៣គ្រឿងដើម្បីត្រួតពិនិត្យសុវត្ថិភាព ក្រោយពីមានករណីគ្រោះថ្នាក់យន្តហោះកាលពីថ្ងៃទី ២១ខែមីនា សម្លាប់មនុស្ស ១៣២នាក់ ។
លោក Liu Xiaodong តំណាងក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានឱ្យដឹងថា ប្រភេទយន្តហោះ Boeing 737-800 ទាំងអស់ត្រូវបានផ្អាកការហោះហើរដើម្បីត្រួតពិនិត្យ សុវត្ថិភាព ដោយខ្លាចមានបញ្ហាដូចយន្តហោះដឹកអ្នកដំណើរ១៣២នាក់ ដែលជួបគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ទាំងអស់។
លោក Liu Xiaodong បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងត្រួតពិនិត្យ ជួសជុលយន្តហោះទាំងអស់ដើម្បីធានាសន្តិសុខ។ នេះជាការជួសជុល ត្រួតពិនិត្យជាទ្រង់ទ្រាយធំបំផុតដោយសារតែ មានគ្រោះថ្នាក់សម្លាប់មនុស្សជាច្រើន ។
មូលហេតុបណ្តាលឱ្យគ្រោះថ្នាក់កាលពីថ្ងៃទី២១ខែមីនា មិនទាន់ដឹងនៅឡើយ ។ ប៉ុន្តែក្រុមជួយសង្គ្រោះ កាលពីថ្ងៃទី២៣ខែមីនាបានរកឃើញប្រអប់ខ្មៅរក្សាទិន្នន័យទាំងពីរ ហើយបានបញ្ជូនទៅឱ្យក្រុមជំនាញវិភាគពីមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់៕ ដោយធីរីណា
រូបថត :South China Morning Post.
រូបថត :Reuters