Update៖ បញ្ជូនខ្លួនក្រុមឧក្រិដ្ឋជន ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត៦០០គីឡូក្រាមតាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានបើកការស៊ើបសួរលើសំណុំរឿងឧក្រិដ្ឋជនប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត៦០០គីឡូក្រាម តាមផ្លូវសមុទ្រចេញទៅប្រទេសទី៣ បន្ទាប់ពីត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ។
ដោយអនុវត្តតាមបញ្ជារបស់លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០:៥០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯកម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ និងលោកវរសេនីយ៍ទោហុង វណ្ណារិទ្ធ ចូលរួមសហការដោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានធ្វើការស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែនបម្រុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣ នៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់គឺ ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន, ទី២៖ នៅចំណុចកាំកូស៊ីធី អគារA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ, ទី៣៖ ខុនដូ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន, ទី៤៖ នៅចំណុច(ផ្ទះល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់៖ ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់), ២-ឈ្មោះJIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់), ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) រួមទាំងចាប់យកវត្ថុតាង ដូចជា កេតាមីន(Ketamine)ទម្ងន់ជាង ៥១០គីឡូក្រាម, មេតំេហ្វតាមីន(ICE) ទម្ងន់ជាង១គីឡូក្រាម, អ៊ិចស្តាស៊ី(MDMA) ទម្ងន់ជាង៥១គីឡូក្រាម នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ជាង២០គីឡូក្រាម,FUB-AMB(Cannabinoid)(NPS) ទម្ងន់ជាង១១គីឡូក្រាម ដែលសារធាតុញៀនសរុបមានទម្ងន់ជាង៥៩៦គីឡូក្រាម។ សារធាតុគីមីផ្សំទម្ងន់២៣៥ក្រាម និងសារធាតុមិនច្បាស់ទម្ងន់ជាង៦គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print