(តពីលេខមុន)
# ពិធីនៅខែមាឃ
នៅថ្ងៃពេញបរមីខែមាឃ គេធ្វើបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារហើយ ទ្រង់ប្រកាសប្រាប់ដល់សាវ័ករបស់ព្រះអង្គទាំងឡាយថា” បីខែទៅមុខទៀត ព្រះអង្គនឹងចូលព្រះបរមនិព្វានហើយ។
គេធ្វើបុណ្យរំលឹក ថ្ងៃនោះនៅពេលយប់គ្រប់វត្តអារាម ពេលព្រលប់ ព្រះសង្ឃនិមន្តចូលទៅកាន់ព្រះវិហារ ។ ពួកទាយកទាយិកា ក្រោយដើរប្រទក្សិណ ៣ជុំព្រះវិហារ ក៏ចូលទៅអុជទៀនធូបថ្វាយគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធរូប។ លុះជួបជុំហើយក៏ចូលទៅអុជទៀនធូបថ្វាយគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធរូប។ លុះជួបជុំគ្នាស្រួលបួលហើយ ទើបគេអារាធនាសីល និងវេរគ្រឿងសក្ការបូជា ចំពោះព្រះរតនត្រ័យ។
បន្ទាប់មក ព្រះសង្ឃនិមន្តគង់ជាពីរជួរនៅពីខាងមុខគ្រឿងសក្ការបូជាទាំងនោះ ហើយប្រារឰសូត្រសរភញ្ញ។ លោកសូត្រចប់មួយបទហើយ ទើបលោកមួយអង្គឡើងសម្ដែងធម៌ទេសនារឿងពុទ្ធប្រវត្តិ។ បន្ទាប់ពីធម្មទេសនាមក លោកសូត្រសរភញ្ញមួយបទទៀត ពួកឧបាសក ឧបាសិកាសូត្រផ្លាស់ប្ដូរគ្នាជាមួយនឹងព្រះសង្ឃ។ នៅតំបន់ខ្លះគេបញ្ចប់បុណ្យនោះនៅពាក់កណ្ដាលអធ្រាត្រ តែគេច្រើនធ្វើទាល់ភ្លឺហើយប្រគេនចង្ហាន់ព្រឹកចំពោះព្រះសង្ឃតែម្ដងជាការស្រេច។
របៀបធ្វើពិធីនៅក្នុងព្រះបារមរាជវាំង ក៏មានលំនាំដូចគ្នានឹងពិធីរាស្ត្រដែរ គ្រាន់តែឆាប់ចប់ជាងប៉ុណ្ណោះ។ ម្យ៉ាងទៀត ព្រះករុណាទ្រង់ព្រះរាជទាន ទៀនធំមួយគូៗ គ្រប់បួនវត្ត ក្នុងរាជធានីផង។ មួយចំណែកទៀត ព្រះមហាក្សត្រត្រីយានី ក៏ទ្រង់ព្រះរាជទានទៀនដល់វត្តពីរទៀត ដែលទៀននីមួយៗមានប្រវែងមួយគក់នឹងមានក្រមួនទម្ងន់កន្លះនាឡិ ។
សម័យបុរាណ នៅថ្ងៃនោះមានធ្វើពិធីមួយសំខាន់ណាស់ គឺពិធីហែស្ដេចនាគ ដែលគេសន្មតតាំងឡើង។ ក្នុងពេលនោះគេចាប់ផ្ដើមយកកណ្ដាប់ស្រូវដែលគេផ្ញើមកពីគ្រប់អាណាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា មកចងជាភ្នំ ៥ តាមរាងឈើដែលមានប្លែកៗគ្នាសម្រាប់សម្គាល់ខេត្តនីមួយៗ។ រួចគេធ្វើរាជវ័តិព័ទ្ធជុំវិញមនុស្សទាំង ៥ នោះមានទុកទ្វារ ៤ ឈមទៅរកទិសធំទាំងបួន។ មានធ្វើរានទេវតាដោតឆ័ត្ររួតនិងដោតគោមក្រដាសជាលំអផង។នៅពេលនោះទាំងក្សត្រនាម៉ឺនសព្វមុខមន្ត្រី នាំគ្នាដង្ហែកណ្ដាប់ស្រូវដោយក្បួនរទេះរំលេចដោយក្បាច់រចនាជារាងផ្កាយជារាងនាគអស់រយៈពេល ៧ ថ្ងៃ។
ថ្ងៃ ១៤ កើតខែមាឃដដែលនោះបារគូម្នាក់ ដែលគេជ្រើសរើសឲ្យធ្វើជាស្ដេចនាគក៏ត្រូវបានគេដង្ហែចូលទៅក្នុងព្រះបរមរាជវាំង។ នៅខាងមុខក្បួនមានរូបបុរសម្នាក់ធ្វើអំពីក្រមួន ដៃម្ខាងកាន់ខ្វែវ ដៃម្ខាងកាន់ចន្លុះ។ ជាបន្តបន្ទាប់មកទៀត រូបប្រពន្ធបុរសទូលកញ្ជើបាយ និងរូបកូនស្រីកូនប្រុសរបស់គាត់។ តមកទៀតមានក្បួនដំរីបានជិះស្ដេចមាឃ បាយព្រលឹងស្រូវព្រះម៉ែហួ និងប្រពន្ធទី ២ នេះ ស្ដេចនាគព្រមទាំងមនុស្សពីរនាក់គ្រវីក្រឹសផង។ ជាបង្ហើយនៅខាងក្រោយពួកភ្លេងពួកបារគូផ្លុំស័ង្ខនិងមនុស្សកាន់ដំបងមួយចំនួន ២០០ នាក់។ ក្បួននេះហែទៅប្រទក្សិណភ្នំស្រូវ៣ជុំ រួចទើបគេលើករូបក្រមួនទាំងឡាយទៅតាមរៀបចំពីខាងត្បូងភ្នំស្រូវ(ត្រង់នេះក្នុងឯកសារបុរាណពុំមានធ្វើសេចក្តីពន្យល់ថា យករូបនោះទៅធ្វើម្ដេចទៀតទេ)។ រួចហើយស្ដេចមាឃចូលទៅក្នុងព្រះទីនាំងភោជនីយដើម្បីទទួលការបង្កក់ប្រសិទ្ធិយ៉ាងជាក់លាក់នឹងទទួលគ្រោះកាចទាំងឡាយលើខ្លួនទាំងអស់ផង។ រួចហើយស្ដេចនាគឡើងគង់លើដំរី ឯក្បួនហែក៏ប្រគំឡើងជាថ្មីធំលើសពីការដែលចូលមកទៅទៀត ព្រោះគ្មានក្បួនរទេះដង្ហែភ្នំស្រូវនិងក្រុមល្ខោនធ្វើត្រាប់អ្នកច្រូតស្រូវមកចូលរួមផង។ ក្បួននេះហែប្រទក្សិណភ្នំស្រូវ៣ជុំទៀតទើបដង្ហែជូនស្ដេចនាគត្រឡប់ទៅផ្ទះវិញ។
ថ្ងៃទី ២ ក្រោយពីដង្ហែភ្នំស្រូវជាថ្ងៃដែលស្ដេចនាគដុតភ្នំស្រូវដុតហើយយកទៅស្រប់ឲ្យរលត់វិញរួចយកគ្រាប់ស្រូវដែលដុតនោះទៅចែកជូនគ្រប់ចៅហ្វាយខេត្ដ។ ចៅហ្វាយខេត្ត ចែកទៅឲ្យអ្នកធ្វើស្រែតទៅទៀត ដើម្បីយកទៅលាយជាមួយនឹងពូជស្រូវរបស់គេ។ គេដាក់គ្រាប់ស្រូវដែលដុតនោះបន្តិចទៅក្នុងឃ្លាំងស្រូវព្រះរាជទ្រព្យ រួចស្ដេចនាគឡើងជាន់នឹងជើង។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត