អគ្គមេបញ្ជាការកម្លាំងទាហានមីយ៉ាន់ម៉ា និងជាប្រមុខដឹកនាំប្រទេសនេះ បានដឹកនាំពិធីដង្ហែក្បួនព្យុហយាត្រាយោធាជាទ្រង់ទ្រាយធំ។ ពិធីដង្ហែក្បួននេះកើតឡើងក្នុងពេលដែលក្រុមប្រឆាំងអំពាវនាវឱ្យពលរដ្ឋមីយ៉ាន់ម៉ាក្រោកឈរឡើងធ្វើបាតុកម្មប្រឆាំងការដឹកនាំដោយយោធា ។
ពិធីដង្ហែក្បួនរួមមានរថក្រោះ រថយន្តដឹកកាំជ្រួចមីស៊ីល កាំភ្លើងធំ … ក្រុមសន្តិសុខប្រមាណ៨ពាន់នាក់បានការពារពិធីដង្ហែក្បួននោះ។ នៅលើដែនអាកាស យន្តហោះចម្បាំងបានហោះហើរ បញ្ចេញផ្សែងពណ៌លឿង ក្រហម និងខៀវ តាមពណ៌នៃទង់ជាតិ ។ ស្ត្រីជាច្រើនឈរតាមបណ្តោយផ្លូវនៃទីតាំងដង្ហែក្បួនយោធាដើម្បីជូនផ្កាដល់កម្លាំងទាហាន។
ក្នុងពេលនេះដែរក្រុមអ្នកប្រឆាំងយោធាបានអំពាវនាវដល់ពលរដ្ឋក្រោកឈរឡើងប្រឆាំងការដឹកនាំដោយយោធា។ ជាមួយគ្នានេះមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) នៅថ្ងៃ២៧ខែមីនាបាននិយាយថា យោធានៃប្រទេសរបស់លោកនឹងមិនធ្វើការចរចាជាមួយក្រុមប្រឆាំងដែលលោកផ្ទាល់ចាត់ទុកថាជា«ក្រុមភេរវករ» នោះទេ ជាមួយការសន្យាតាមកម្ទេចពួកគេរហូតដល់ទីបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។
លោក មីន អោងឡាំង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយនាឱកាសនៃការប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធដោយមានការធ្វើព្យុហយាត្រា យោធា និងអាវុធនៅក្នុងរដ្ឋធានីណៃពិដោ សម្រាប់រយៈពេល២ឆ្នាំជាប់គ្នា ចាប់តាំងពីមានការធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។
ថ្លែងនាឱកាសនោះ លោក មីន អោងឡាំង បានបញ្ជាក់ដូច្នេះថា «ខ្ញុំចង់និយាយថា យោធាមីយ៉ាន់ម៉ា នឹងមិនធ្វើការចរចាជាមួយក្រុមភេរវករ និងអ្នកគាំទ្ររបស់ពួកគេដែលកំពុងសម្លាប់ប្រជាជនស្លូតត្រង់នោះទេ…ហើយនឹងតាមកម្ទេចពួកគេរហូតដល់ទីបញ្ចប់»។ របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ថា រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) គឺជាក្រុមភេរវករ និងបានសម្លាប់ប្រជាជនស៊ីវិលស្លូតត្រង់ តែរដ្ឋាភិបាលស្រមោលនេះបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាពួកគេនឹងតស៊ូប្រឆាំងនឹងរបបយោធារហូតដល់ដង្ហើមចុងក្រោយ៕ ដោយធីរីណា
រូបថត : AFP.