ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវនគរបាលស្រុកថ្ពងឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីស្ត្រីម្នាក់នេះធ្វើសកម្មភាពឆក់យកខ្សែកពីក្មេងស្រីម្នាក់ខណៈដែលក្មេងស្រីរងគ្រោះកំពុងដើរលេងក្នុងកម្មវិធីបុណ្យស្ថិតក្នុងភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថាស្ត្រីដែលសមត្ថកិច្វឃាត់ខ្លួនបាននោះមានឈ្មោះ ឡូ ទី អាយុ២៧ឆ្នាំ រស់នៅភូមិ តង់ខៀវ ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល បានធ្វើសកម្មភាពឆក់យកខ្សែកពីក្មេងស្រីម្នាក់ឈ្មោះ រ៉េត រាជនី អាយុ ២ខួប៨ខែ ។ លោកបានបន្តទៀតថានៅមុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះឈ្មោះ រឿន ស្រីនិច្ច រស់នៅក្នុងភូមិឃុំជាមួយគ្នានឹងឈ្មោះ ស្រីណាក់ អាយុ១២ឆ្នាំត្រូវជាមីងកំពុងពកូនដើរលេងក្នុងកម្មវិធីបុណ្យស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើបានដើរមកជិតហើយក៏ធ្វើសកម្មភាពឆក់យកខ្សែកមាសទម្ងន់៥ជីពីក្មេងស្រីរងគ្រោះតែម្តង ហើយភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលឆោឡោឡើង ស្របពេលនៅទីនោះមានកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខផងក៏ឃាត់ខ្លួនស្ត្រីជាជនសង្ស័យបានតែម្តង។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីចំណែកខ្សែកសមត្ថកិច្ចបានប្រគល់ឱ្យទៅម្តាយក្មេងស្រីរងគ្រោះវិញហើយ៕
ដោយ៖ចន្ទ លីហ្សា