ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន នឹងប្រឹងប្រែងអត់ធ្មត់ និងចូលតុចរចា ដោយមិនប្រើប្រាស់កម្លាំង ដោះស្រាយបញ្ហា ដើម្បីឈានទៅរកសន្តិភាពសម្រាប់ប្រទេសទាំងពីរ។
សម្តេចបានថ្លែងបែបនេះ ខណៈ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជាមានជំហរជាលក្ខណៈអន្តរជាតិចំពោះបញ្ហាពិភពលោក ដែលអធិបតេយ្យភាពជាតិផ្តាច់មុខរបស់កម្ពុជា។ កម្ពុជាមិនសំដៅតែលើរុស្ស៊ីនោះទេ គឺកម្ពុជាប្រឆាំងរាល់ការប្រើប្រាស់កម្លាំងយោធា ដើម្បីរំលោភបំពានលើប្រទេសមួយទៀត។ សម្តេចតេជោបញ្ជាក់ថា ការគោរពអធិតេយ្យជាតិរបស់អ៊ុយក្រែន គឺស្នើនឹងគោរពអធិបតេយ្យជាតិរបស់ខ្លួនឯងផងដែរ ដែលនេះគឺជាអ្វីដែលយើងត្រូវតែធ្វើ និងប្រកាន់យក។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនត្រូវការយន្តហោះចម្បាំង ឬនាវាមុជទឹកនោះទេ តែអ្នកឯងក៏មិនអាចរំលោភបំពានលើកម្ពុជាបានដែរ ព្រោះយើងមានអាវុធពីក្រោម ដើម្បីកម្ទេចអ្នកឯង អ្វីដែលយើងត្រូវមាននៅពេលនេះ គឺសំណាញ់មេឃ សម្រាប់ការពារកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវមុជទឹក, មិនទាន់យន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក, មិនទាន់មានកាតព្វកិច្ចយោធា, កម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំ។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថារុស្ស៉ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការប្រឆាំងរបស់កម្ពុជា បែបនេះគឺផ្អែកលើច្បាប់អន្តរជាតិ។ នយោបាយការបរទេសកម្ពុជា ផ្អែកលើគោលការណ៍ច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជា គឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាក្លាយជាមហាអំណាចយោធាលើពិភពលោក ក៏កម្ពុជាមិនគាំទ្រនយោបាយលើកទឹកទ័ពឈ្លានពានប្រទេសដទៃនោះឡើយ។ កម្ពុជាមិនត្រូវការយន្តហោះមិចទេ តែកម្ពុជារៀបសំណាញ់មេឃ ដោយបាញ់កម្ទេចរាល់យន្តហោះរំលោភដែនអាកាសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមែននោះទេ។ សម្តេចមិនជឿថា រុស្ស៉ីអាចវាយយកទីក្រុងគៀវ និងផ្តួលរំលំរដ្ឋបាលរបស់ប្រទេសអ៊ុយក្រែនបាន។ ជម្រើសចុងក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានបទចរចាមួយ ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មិត្តរុស្ស៉ី នឹងយល់ពីកម្ពុជា។ កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន ដូច្នេះកម្ពុជាមិនគាំទ្រការឈ្លានពាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចធ្វេសប្រហែសចំពោះគោលនយោបាយបរទេសដ៏ក្តៅគគុកមួយបានទេ ដែលទាមទារឱ្យសម្តេចគ្រប់គ្រង និងក្តាប់ស្ថានការណ៍នេះឱ្យជាប់។
សូមជម្រាបជូនថា, នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។
អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។
ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា ។ នៅកម្ពុជា KOICA មានយុទ្ធសាស្រ្តភាពជា ដៃគូប្រចាំប្រទេស(CPS)ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវផែការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់ខ្លួនដោយរួមបញ្ចូលយុទ្ធសាស្រ្តជាមួយផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិរបស់កម្ពុជានិងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល ។ សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអទិភាពចំនួន៤រួមមាន៖អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ។
អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA នេះកើតចេញពីផ្លែផ្កានៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕