សមយុទ្ធរួមរវាងអាមេរិកនឹងហ្វីលីពីនបានចាប់ផ្តើមនៅថ្ងៃទី ២៨ខែមីនា នឹងបញ្ចប់ទៅនៅថ្ងៃទី ៨ខែមេសា ដោយសមយុទ្ធធ្វើឡើងនៅតំបន់សមុទ្រជិតកោះតៃវ៉ាន់ ដោយមានការចូលរួមពីកម្លាំងទាហានជិត៩ពាន់នាក់ ក្នុងនោះមានទាហានអាមេរិក៥១០០នាក់ ។
នេះជាសមយុទ្ធទ្រង់ទ្រាយធំរួមគ្នាប្រចាំឆ្នាំ ដែលរួមមានការបាញ់គ្រាប់ពិត, ការវាយប្រហារដោយយន្តហោះ, ការប្រយុទ្ធលើសមរភូមិក្នុងទីក្រុង និងការបញ្ជូនទ័ពឡើងឆ្នេរជាដើម ដើម្បីបង្ហាញសព្វាវុធទំនើបៗរបស់អាមេរិក ខណៈដែលប្រព្រឹត្តទៅនៅភាគខាងជើងប្រទេសហ្វីលីពីន ក្បែរដែនសមុទ្រជាប់ព្រំប្រទល់ជាមួយកោះតៃវ៉ាន់។
ក្រុមមន្រ្តីយោធាអាមេរិក និងហ្វីលីពីនបាននិយាយថា សមយុទ្ធប្រចាំឆ្នាំខាងលើនេះ មានឈ្មោះថា បាលីកាតាន (Balikatan) ដែលមានន័យថា «ស្មាប្រកៀកស្មា» នឹងដំណើរការរហូតដល់ថ្ងៃទី៨ ខែមេសា ជាមួយវត្តមានកងទ័ពជិត៩,០០០នាក់ ដែលរួមមានកងទ័ពជើងទឹក, កងម៉ារីន, កងទ័ពអាកាស និងកងទ័ពជើងគោកក្នុងនោះ ៥,១០០នាក់ជាកងទ័ពអាមេរិក ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តទាំងពីរ សម្រាប់បញ្ហាប្រឈមជាសកលនានា»។
លោក Jay Bargeron មេបញ្ជាការកងម៉ារីនទី៣របស់សហរដ្ឋអាមេរិកបាននិយាយថា «យោធាអាមេរិក និងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងហ្វឹកហាត់រួមគ្នាដើម្បីពង្រីកនិងជំរុញយុទ្ធសាស្រ្តបច្ចេកទេសនិងនីតិវិធីរួមគ្នា ក្រោមគោលដៅពង្រឹងសមត្ថភាពឆ្លើយតប និងការត្រៀមខ្លួនរបស់យើងចំពោះបញ្ហាប្រឈមក្នុងពិភពលោក។ សម្ព័ន្ធភាពរបស់យើងនៅតែជាប្រភពយ៉ាងសំខាន់នៃកម្លាំងនិងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
សមយុទ្ធ Balikatan ដែលរៀបចំដំបូងនៅឆ្នាំ១៩៩១ ផ្អែកលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក កាលពីឆ្នាំ១៩៥១ ដែលកំណត់ឱ្យសហរដ្ឋអាមេរិកនិងហ្វីលីពីនត្រូវចូលរួមជួយគ្នានៅពេលភាគីណាមួយរងការវាយប្រហារ។ សមយុទ្ធយោធាអាមេរិក-ហ្វីលីពីន ដែលរៀបចំឡើងនៅតំបន់ក្បែរកោះតៃវ៉ាន់នេះ គឺចំពេលដែលតៃវ៉ាន់និងចិនកាន់តែមានភាពតានតឹងរវាងគ្នានឹងគ្នា៕ ដោយធីរីណា
រូបថត : AP