ខេត្តកំពង់ចាម ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា នយោបាយឈ្នះ=ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកមហាសាលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងក្នុងពេលចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី២ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលនាយទាហាន នាយទាហានរង និងពលទាហានយោធភូមិភាគទី២សម្រេចបានទាំងក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាព។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីរយៈពេលជាង២៣ឆ្នាំមកនេះ ដែលកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពទឺកដី បន្ទាប់ពីការបែកបាក់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា។
«នយោបាយឈ្នះ=ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះ=ឈ្នះនេះហើយ ទើបនាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅចំពោះមុខនាយទាហាន។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហានត្រូវចងចាំ និងយល់ពាក្យថា “អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ=ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ=ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!“ ព្រោះថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះឬថ្ងៃក្រោយនោះឡើយ។ ដូច្នេះត្រូវការពារឱ្យបាន ទោះជាក្នុងតម្លៃណាក៏ដោយ៕
ដោយ : សិលា