ខេត្តស្ទឹងត្រែង៖ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អណ្តូងទឹកប្រភេទអាហ្វ្រុីដេសចំនួន២០អណ្តូងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅក្នុងឃុំអន្លង់ជ្រៃចំនួន៨អណ្តូងមាន១៥ភូមិ ស្មើនឹងប្រជាពលរដ្ឋទទួលផល១៩៦គ្រួសារ,ឃុំសំអាង៨អណ្តូងមាន៣ភូមិ ស្មើនឹងប្រជាពលរដ្ឋទទួលផល១៥៩គ្រួសារនិងឃុំចំការលើ៤អណ្តូងមាន២ភូមិស្មើនឹងប្រជាពលរដ្ឋទទួលផល៦៩គ្រួសារដែលសរុបទាំង៣ឃុំមានប្រជាពលរដ្ឋទទួលផល៤២៤គ្រួសារ។
រយៈពេលកន្លងមកកាកបាទក្រហមកម្ពុជាបានផ្តល់អណ្តូងចំនួន១០ម្តងរួចមកហើយក្នុងខេត្តស្ទឹងត្រែងនៃក្រុង-ស្រុកចំនួន៤មាន ក្រុងស្ទឹងត្រែង ស្រុកសៀមបូក ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ដែលមាន៩ភូមិ ស្មើនឹងប្រជាពលរដ្ឋទទួលផលចំនួន២៦៦គ្រួសារ។
ក្នុងឱកាសនោះលោកនាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបានក្រើនរំឭកនូវសារសំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតជូនប្រជាជនដូចជា៖ សូមបងប្អូនទាំងអស់ថែរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃពីព្រោះនៅរដូវប្រាំងឆ្នាំនេះមានសភាពក្តៅខ្លាំងនិងមានការខ្វះខាតទឹកប្រើប្រាស់ក្នុងតំបន់មួយចំនួនក្នុងប្រទេសកម្ពុជារបស់យើង។
ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបារម្ភពីការខ្វះខាតទឹកប្រើប្រាស់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ការបារម្ភនេះ បន្ទាប់ពីប្រភពទឹកសំខាន់ៗនៅមូលដ្ឋានដែលធ្លាប់ទ្រទ្រង់ជីវភាពអ្នកភូមិបានរីងហួតហែងជាបណ្តើរៗរីឯទឹកអណ្ដូងមួយចំនួនបានរីងខះគ្មានទឹក។ អ្នកភូមិខ្លះបានជីករណ្ដៅចម្រោះទឹកកណ្ដាលអូរដើម្បីទាញយកទឹកប្រើប្រាស់បណ្ដោះអាសន្ន។
ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលនៃស្រុកថាឡាបរិវ៉ាត់ ខេត្ត្រស្ទឹងត្រែងកំពុងមានវិបត្តិខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ បង្កការលំបាកដល់ជីវភាពរស់នៅរបស់ពួកគាត់។ អ្នកភូមិមួយចំនួនបង្ខំចិត្តប្រើ ប្រាស់ទឹកបាតស្ទឹង និងអូរដែលល្អក់ព្រោះ ពុំមានជម្រើស។
ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ អ្នកស្រី ចាន់ សុខា រៀបរាប់ថា បញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃកើតមានស្ទើរតែទូទាំងស្រុកថាឡាបរិវ៉ាត់ ជាពិសេសពល រដ្ឋរស់នៅតំបន់ដាច់ស្រយាល ដូចជាឃុំអន្លង់ភេជាដើមកំពុងមានវិបត្តិគ្រោះរាំងស្ងួត៕