ភ្នំពេញ៖ មិនទាន់ស្ងាត់រឿងចម្រូងចម្រាសជាមួយ យ៉ែម សំអូនផងស្រាប់តែពេលនេះ សូដានីតាបានធ្វើឲ្យអ្នកក្នុងនិងក្រៅរង្វង់សិល្បៈភ្ញាក់ផ្អើលបន្ថែមទៀត ក្រោយពីតារាសម្តែង និងចម្រៀង អ្នកនាង សូដា នី បានប្រកាសនៅលើបណ្តាញសង្គមថានាងបានក្លាយខ្លួនជាស្ត្រីមេម៉ាយ ក្រោយលែងលះប្តី គឺលោកយុទ្ធ ថានៈនោះតែម្តង។ ដំណឹងនេះកាន់តែឡើងកម្តៅរហូតមានការបញ្ចេញសារ និងថ្លែងពាក្យមិនគួរឲ្យជឿព្រោះតែកន្លងទៅពួកគាត់បានបង្ហាញភាពផ្អែមល្ហែមនឹងគ្នាខ្លាំងនោះ។
គេចាំបានដែរថា ចំណងស្នេហារវាងតារាសម្តែងរូបសង្ហារលោក យុទ្ធ ថានៈ និងអ្នកនាង សូដា នីតា បានប្រកាសឡើងកាលពីអំឡុងខែតុលាឆ្នាំ ២០២០។ ហើយពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់កាលពីអំឡុងខែមីនាឆ្នាំ ២០២១។ គេនៅមិនទាន់ឃើញប្រតិកម្មណាមួយពីសំណាក់ស្វាមី លោក យុទ្ធថានៈនៅឡើយទេនៅពេលនេះ។
អ្នកនាង សូដានីតា បានបញ្ចេញសារថាអរគុណបងស្រី. Chanlakhena Chorn ដែលតេមកពន្យល់ប្អូន ណែនាំប្អូន គ្រប់រឿង ទុកអោយពេលវេលាជាអ្នកកំណត់ចុះបង ព្រោះកន្លងមកក៏ជាពេលវេលានាំអោយមនុស្សស្គាល់គ្នានឹង ស្រលាញ់រាប់អានគ្នា ធ្វើការជាមួយគ្នា តែបើពេលវេលាដើរទៅមុខ ចិត្តមនុស្សដើរថយក្រោយក៏មិនអាចចាប់មកវិញបានដែរ !!! ១ថ្ងៃនេះ 29/03/22 ខ្ញុំសំរេចបាន២ទី១ សំរេចចិត្ត ទទួលជសស្រ្តីម៉េម៉ាយ (លែងលះ) ទី២ សំរេចចិត្ត ឈប់ធ្វើការអោយគ្រុប តារាអុិនធើថេនមែន ទី៣ ការងារផ្សេងៗផ្នែកសិល្បៈនាងខ្ញុំនៅទទួលដដែលទេបងប្អូន ព្រោះការងារសិល្បៈខ្ញុំស្រលាញ់ពេញ។ សារទាំងនេះត្រូវបានគេចែករំលែក និងបញ្ចេញយោបល់មួយចំនួន ដោយអ្នកសិល្បៈជាច្រើនបានបង្ហាញសារលើកទឹកចិត្តនិងស្នើឲ្យតារាស្រីរូបនេះដកខ្លួនថយមួយជំហានគិតឡើងវិញអំពីករណីខាងលើ ដែលសូម្បីតែលោក យ៉ែម សំអូនដែលមុននេះបានបញ្ចេញសារឆ្លើយឆ្លងនឹងនាងក៏បានទាំងបញ្ចេញយោបល់ថា “ ជាចំណីឆ្ងាញ់ណាស់របស់សារព័ត៌មានរឿងការងារមិនទាក់ទងនឹងគ្រួសារទេ ចិត្តត្រជាក់បន្តិចទើបអូនអាណិតកូន”។ នៅមានសិល្បករជាច្រើនលើកទឹកចិត្ត ស្នើឲ្យនាងតស៊ូ និងធ្វើជាមនុស្សរឹងមាំនោះ៕