លោក ឯម ច័ន្ទមករា គាំទ្រឱ្យមានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទាក់ទងនឹងកម្ចីដល់ជនមានពិការភាព

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានជំរុញ និងគាំទ្រឱ្យមានការបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុទាក់ទងនឹងប្រាក់កម្ចីដល់ជនមានពិការភាព ដើម្បីឱ្យពួកគាត់មានចំណេះដឹង ចេះប្រើប្រាស់កម្ចីបានត្រឹមត្រូវ និងមិនប៉ះពាល់ដល់ជីវភាពរបស់គាត់។

ថ្លែងក្នុងជំនួបពិភាក្សាការងាររវាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្មវិធី ACCESS និងដៃគូរបស់កម្មវិធី ACCESS(អង្គការ Good Return និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក ) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា ការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុដល់ជនមានពិការភាពគឺជារឿងសំខាន់ដែលអាចធានាដល់ការរីកចំរើនដល់ពួកគាត់បានពិតប្រាកដ។

លោកថា៖ «ខ្ញុំចាប់អារម្មណ៍កោតសរសើរ និងសប្បាយចិត្តដែលបានធ្វើការងារនេះជាមួយនឹងក្រុមគោលដៅរបស់យើងលើការងារហិរញ្ញវត្ថុនេះ ប៉ុន្តែពេលនេះមិនមែនមានន័យថាយើងចេះតែឱ្យជនមានពិការភាពខ្ចីទៅចេះតែល្អនោះទេ។ ត្រូវមានការបណ្តុះបណ្តាលពួកគាត់ បើសិនបើអាចជួយបណ្តុះបណ្តាលដល់មន្រ្តីរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) ពាក់ព័ន្ធនឹងរឿងគ្រប់គ្រងហិរញ្ញវត្ថុនេះមុននឹងសម្រេចចិត្តខ្ចីលុយធនាគារហើយអាចកសាងផែនការកាត់បំណុលយកទៅធ្វើអីចំណូលអ្វីខ្លះចំណាយអ្វីខ្លះ?»

ប្រធានកម្មវិធី ACCESS លោកស្រី អាន រូខៀវ បានលើកឡើងថា កម្មវិធីACCESS បានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយឈ្មោះថា CAFE ដែលផ្ដល់ការអប់រំនិងបណ្ដុះបណ្ដាលដល់ជនមានពិការភាពពីចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងប្រាក់កម្ចី របៀបចាត់ចែង និងការសងត្រលប់។ លោកស្រីថា ឆ្លងកាត់ការអនុវត្តន៍នេះឃើញថាជនមានពិការភាគច្រើនបានទទួលចំណេះដឹងនិងអាចគ្រប់គ្រងកម្ចីរបស់ខ្លួនបានល្អប្រសើរ។

លោកស្រីថា៖ «បើនិយាយពីCAFE គឺជាការពង្រឹងចំណេញដឹងដល់អ្នកខ្ចីចឹងដើម្បីរៀនវគ្គនេះបានគាត់ត្រូវរៀនរយៈពេល ៥ថ្ងៃ ៦ម៉ូឌុល ដើម្បីឱ្យគាត់ចេះថាពេលដែលខ្ចីលុយគេនឹងត្រូវយកមកគ្រប់គ្រងយ៉ាងមិច»។

កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) មានគោលបំណងបង្កើតហិរញ្ញវត្ថុដែលអាចមានឱកាសទទួលបាន និងមានក្រមសីលធម៌សម្រាប់ជនមាន ពិការភាពដែលមានទិសដៅជំរុញសកម្មភាពសហគ្រិន និងបង្កើតប្រាក់ចំណូលប្រកបដោយនិរន្តរភាព។

គំនិតផ្ដួចផ្ដើមនេះមានលទ្ធផលចម្បងចំនួន៣គឺ ទី១ ផ្តល់ជូនជនមានពិការភាពនូវការបណ្តុះបណ្តាលស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីបង្កើនចំណេះដឹង និងទំនុកចិត្តក្នុងការជ្រើសរើសផលិតផលហិរញ្ញវត្ថុសមស្រប និងប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ដោយប្រើអាកប្បកិរិយាវិជ្ជមាន ដើម្បីកាត់បន្ថយកុំ ឲ្យពួកគាត់ងាយរងគ្រោះដោយសារវិបត្តិហិរញ្ញវត្ថុ ឬបំណុលវ័ណ្ឌក។ ទី២ ដោយកាត់បន្ថយឧបសគ្គនៃការទទួលបានដោយសម្រួលបណ្តាញផ្តល់សេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួលសម្រាប់ជនមានពិការភាព និងទី៣ ផ្តល់ជូនសេវាហិរញ្ញវត្ថុសមស្របដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាព និងដាក់បញ្ចូលកិច្ចការពារសុវត្ថិភាពបន្ថែមដើម្បីធ្វើយ៉ាងណាកាត់បន្ថយកុំឲ្យពួកគាត់ងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ដែលបានកើនឡើង។

របាយការណ៍ស្តីពីការវាយតម្លៃតម្រូវការ ការទទួលបានការអប់រំស្តីពីហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់ជន មានពិការភាព នៅក្នុងប្រទេសកម្ពុជា បានបង្ហាញថា ជាង៦០%នៃជនមានពិការភាពមិនសូវមានទំនុកចិត្ត ឬគ្មានទំនុកចិត្តក្នុងការធ្វើឲ្យមានការផ្លាស់ប្ដូរលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុគ្រួសារ ឬនិយាយជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ។

របាយការណ៍ក៏បង្ហាញផងដែរថាជនមានពិការភាព ៧៦%មិនបានតាមដានហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់ ហើយ៥០%គ្មានទំនុកចិត្តលើសមត្ថភាពក្នុងការសន្សំប្រាក់ ៨០%យល់ថា ខ្លួនឯងតប់ប្រមល់ ខ្លាំង ឬធ្ងន់ធ្ងរអំពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារពួកគាត់។

ទោះជាយ៉ាងណា ជនមានពិការភាព ៩០%បានឃើញពីអត្ថប្រយោជន៍ក្នុងការបណ្ដុះបណ្ដាលដើម្បីជួយពួកគាត់ក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ ខណៈ១០% បាននិយាយថាពួកគាត់បានទទួលការបណ្តុះបណ្តាលរួចរាល់ហើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print