ភ្នំពេញ : នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:00 ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពី “ការវាយតម្លៃបឋម លើផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយ: Zoom) ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទាក់ទងនឹងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ជាបឋម លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញមកពីវិទ្យាស្ថាននររូបនីយកម្ម និងឌីសាញស៊ីនចិន (ប្រទសចិន) ដែលបានរៀបចំរបាយការណ៍បឋមផែនការមេនេះបានល្អ ដែលយើងកំពុងធ្វើការពិនិត្យ និងផ្តល់មតិបន្ថែម ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្នុងនាមក្រសួងស្បៀង ដែលជាស្ថាប័នផលិតម្ហូបអាហារផ្គត់ផ្គង់ឲ្យទីក្រុងអភិវឌ្ឍមួយ មានលក្ខណ:ជាទីក្រុងទំនើប បៃតង ទេសចរណ៍ វប្បធម៌ អប់រំ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម និងពាណិជ្ជកម្មនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ ៥ ចំណុចសំខាន់ៗដល់អង្គប្រជុំដើម្បី យកទៅពិនិត្យ និងពិចារណាដាក់បញ្ជូលក្នុងផែនការមេ មានដូចជា ៖
១- គួររៀបចំតំបន់កសិកម្មមួយដែលមានសក្តានុពលទាំងដី និងប្រភពទឹកគ្រប់គ្រាន់ ឬប្រើប្រាស់កខ្វក់ដែលបានសំអាចរួចហើយ ដើម្បីធានាបាននូវផលិតភាព និងនិរន្តរភាពផលិតកម្មដំណាំបន្លែ និងសត្វ សម្រាប់ផ្គត់ផ្គង់ឲ្យទីក្រុង។
២- គួរកំណត់ឲ្យបានច្បាស់តំបន់ដែលមានសក្តានុពលសម្រាប់អភិវឌ្ឍន៍វិស័យវារីវប្បកម្មសមុទ្រ ក្នុងទិសដៅពីរសំខាន់គឺទី១- ធានាបរិមាណផ្គត់ផ្គង់អាហារសមុទ្រ និងធ្វើការនាំចេញ និងទី២- អភិរក្សព្រៃកោងកាងនៅទូទាំងខេត្តព្រះសីហនុ។
៣- គួរបញ្ចូលផងដែរនូវផែនការរៀបចំសួនសាធារណបៃតង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ នឹងសហការដាំឈើប្រណិត និងឈើលម្អ ដែលវានឹងភ្ជាប់ទៅនឹងគម្រោងទីក្រុងបៃតងនាពេលអនាគត។
៤- គួររៀបចំកំពង់ផែរ ដែលមានទុកច្រកនាំចេញកសិផល និងផលនេសាទ ដោយមានបំពាក់ឧបករណ៍ត្រជាក់សម្រាប់ស្តុករយៈពេលខ្លី។
៥- គួររៀបចំសួនកសិ-ឧស្សាហកម្ម ដែលមានលក្ខណពហុបំណង និងបច្ចេកទេស (ស្តុក ប្រមូលផ្តុំ កែច្នៃ វេចខ្ចប់ បណ្តុះបណ្តាល ទីផ្សារ និងតាំងបង្ហាញផលិតផល)។
ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យដែល បានយកសំណើររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅពិនិត្យ និងដាក់បញ្ចូល ក្នុងផែនការមេនេះ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តព្រះ សីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាពេលអនាគត ៕