ប្រទេសថៃ៖. បើយោងតាមការដកស្រង់ចេញពីទូរទស្សន៍ក្នុងប្រទេសថៃឱ្យដឹងថាពលករខ្មែរប្រុសស្រីនិងមានក្មេងតូចៗទៅតាមឳពុកម្តាយសរុបចំនួន១៤នាក់បានធ្វើដំណើរតាមរថយន្តថៃ១គ្រឿងក្នុងគោលបំណងទៅរកការងារធ្វើនៅក្នុងប្រទេសថៃបានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ធ្លាក់អូរដោយបើកគេចពីការត្រួតរបស់តម្រួតថៃបណ្តាលឱ្យពលករខ្មែរជិះលើរថយន្តនោះយ៉ាងហោចណាស់មានពលករប្រុសស្រីនិងក្មេងតូចៗផងនោះទៀតចំនួន៦នាក់
ស្លាប់ និងទទួលរងរបួស៨នាក់។ស្ថិតនៅចំណុចប៉ុស្ថិ៍ត្រួតពិនិត្យតម្រួតថៃមួយកន្លែងក្នុង ស្រុកផានថង ខេត្តឈុនបុរី ប្រទេសថៃកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។
បើតាមប្រភព័ត៌មានដដែលឱ្យដឹងទៀតថាមុនពេលកើតហេតុគេឃើញពលករខ្មែរខាងលើទំនងពួកគាត់ធ្វើដំណើរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃត្រូវបានដឹកតាមរថយន្តថៃ១គ្រឿងប្រភេទតូយូតាវីហ្គោបានបើកបរឆ្លងកាត់ទីតាំង ឈរជើងរបស់ក្រុមតម្រួតថៃ ។ទន្ទឹមនោះតម្រួតថៃបានឃាត់រថយន្តដើម្បីធ្វើការសាកសួរ និងឆែកឆេរត្រួតពិនិត្យអ្នកដំណើរលើរថយន្ត។ ភ្លាមៗនោះ ស្រាប់តែអ្នកបើកបរដែលជាជនជាតិថៃ បានជាន់ហ្គាបន្ថែមល្បឿនស្ទុះយ៉ាងលឿនដើម្បីបើកគេចពីការត្រួតពិនិត្យ។នៅពេលនោះទំនងជាអ្នកបើករថយន្តបាត់ម្ចាស់ការធ្វើឱ្យរថយន្តបានរេចង្កូតធ្លាក់ចូលទៅក្នុងអូរ។ជាហេតុបណ្តាលឱ្យពលករខ្មែរជិះលើរថយន្តរងការស្លាប់និងរបួសយ៉ាងរណូករណែលតែម្តង ។បន្ទាប់ពីកើតហេតុនោះភ្លាមគេឃើញតម្រួតថៃបានទំនាក់ទំនងរថយន្តសង្រ្គោះដឹកអ្នករងបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ពលករខ្មែរចំនួន១៤នាក់ខាងលើគែមិនទាន់ដឹងថាមានស្រុកកំណើតនៅខេត្តណាខ្លះនៅឡើយនោះទេប៉ុន្តែពលករទាំងនោះធ្វើដំណើរចេញពីខេត្តស្រះកែវបម្រុងឆ្ពោះទៅរកការងារធ្វើនៅទីក្រុងបាងកកតាមរយៈការធ្វើដំណើរតាមរថយន្តថៅកែថៃនោះតែម្តង។សាកសពជនរងគ្រោះគេក៏មិនទាន់ ដឹងអាជ្ញាធរថៃបញ្ជូនសពយកមកស្រុកខ្មែរនៅថ្ងៃណានោះដែរ។
ជុំវិញបញ្ហានេះ នគរដ្រេហ្គនបានទំនាក់ទំនងទៅលោកប៊ុន សុខវិបុល អគ្គកុងស៊ូលកម្ពុជាប្រចាំ ខេត្តស្រះកែវបានបំភ្លឺឱ្យដឹងករណីនេះខាងអគ្គកុងស៊ុល និងខាងស្ថានទូតកម្ពុជាប្រចាំក្រុងបាងកកកបានស្រាវជ្រាវថាពុំមានករណីបែបនោះកើតឡើងទេ។
ប៉ុន្តែបើតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃមានឈ្មោះថាថៃរ៉ាត់ បានបង្ហាញរូបភាពរថយន្តក្រឡាប់ហើយមានតម្រួតថៃបានចុះទៅត្រួតពិនិត្យនោះផងដែរ ព័ត៌មាននេះ ត្រូវបានគេផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមេសា ម្សិលមិញ៕
សំ វិច្ឆិកា