ភ្នំពេញ : ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងប្រជានេសាទ ជ្រាបថា កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការ ក្នុងការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប ព្រមទាំងស្នើសាធារណជន និងបណ្តាញសារព័ត៌មានដែលបាន ជួបប្រទះបទល្មើសជលផលជាក់ស្តែង សូមរាយការណ៍ជាបន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍(HotLine)លេខ៖ ០១២ ៩៩៥ ៦៦៥/០១៧ ៧៣៥ ១៦៩/ ០១២ ៨៧១.០៧១។ ចំពោះមុខ ដើម្បីបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ក្នុងការទំនាក់ទំនង និងផ្តល់ព័ត៌មានលើចម្ងល់ បញ្ហាកង្វល់ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងបទល្មើសជលផលនៅជុំវិញ បឹងទន្លេសាប ជាពិសេសបទល្មើសអួនអូសទឹកសាបឆក់ត្រជាក់ និងបទល្មើសដទៃទៀតដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានជលផលនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សូមចាត់លោក អ៊ឹងទី អនុប្រធានរដ្ឋបាលជលផល លេខទូរស័ព្ទ ០៩៧ ៧៣៥.០៩៩៨ ដើម្បីឆ្លើយឆ្លងព័ត៌មាន និងទំនាក់ទំនងជាមួយសាធារណជន អ្នកសារព័ត៌មាន និង ប្រជានេសាទ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងប្រជានេសាទ មេត្តាជ្រាប និង ធ្វើការទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរស័ព្ទខាងលើ តាមការគួរ៕