ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំUN៖ កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

ចែករំលែក៖

ទីក្រុងហ្សឺណែវ : ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានចេញ សេចក្ដីថ្លែងការណ៍ព័ត៌មាន ពី “កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ” ។

ទីក្រុងហ្សឺណែវ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២- កិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខ មីនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន៣៦ប្រទេស បានចូលរួមថ្លែង បទអន្តរាគមន៍។

នៅក្នុងឱកាសនោះ គណៈប្រតិភូពីប្រទេសចំនួន២៨ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ ក្នុងនោះ គណៈ ប្រតិភូជាច្រើនបានអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ រួមទាំងអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំងទូទាំងប្រទេសដោយឥតគិតថ្លៃ និងកម្មវិធី គាំពារសង្គមជាច្រើនដល់ក្រុមងាយរងគ្រោះ ព្រមទាំងទទួលស្គាល់ចំពោះវឌ្ឍនភាពនិងសមិទ្ធផល នានា ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ សហគ្រិនភាព ក្នុងសន្តិភាពនិងសន្តិសុខ ក៏ដូចជាការលើកកម្ពស់សិទ្ធិកុមារ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកសរសើរកម្ពុជា ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ក្នុងការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីស និងបានថ្លែង សង្កត់ធ្ងន់លើរបៀបរបបការងាររបស់អ្នករាយការណ៍ពិសេសដែលគួរតែគោរពគោលការណ៍ សត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង ដោយត្រូវ គិតគូរផងដែរនូវទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភព ព័ត៌មានដែលអាចជឿជាក់បាន និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ព្រមទាំងអង្គហេតុពិត។

កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកំណែទម្រង់បោះឆ្នោត លំហនយោបាយ និងពហុភាពនៃទស្សនៈ នយោបាយ សំដៅធានាថា ការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មាន សណ្តាប់ធ្នាប់ ដោយសន្តិវិធី និងមានតម្លាភាព ក៏ត្រូវបានគណៈប្រតិភូប្រទេសអាស៊ាន និងប្រទេស ផ្សេងទៀត សម្ដែងការស្វាគមន៍ផងដែរ។
ជាការកត់សម្គាល់ គណៈប្រតិភូចំនួន០៨ ប្រទេសផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាង លើបានបញ្ចេញមតិយោបល់ទិតៀនលំហពលរដ្ឋនិងនយោបាយ រួមទាំងសេរីភាពនៃការបញ្ចេញ មតិ និងការប្រមូលផ្តុំដោយសន្តិវិធី។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរតែទាំងអស់ក៏បាន ស្វាគមន៍កិច្ចសហប្រតិបត្តិការដ៏យូរលង់ និងការចូលរួមប្រកបដោយស្ថាបនារបស់កម្ពុជា ជាមួយ យន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិ មនុស្ស គណៈកម្មាធិការតាមដានការអនុវត្តសន្ធិសញ្ញា និងអ្នករាយការណ៍ពិសេស។ ម្យ៉ាងទៀត ក៏ មានការទទួលស្គាល់ផងដែរលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់កម្ពុជា ក្នុងការអនុវត្តកំណែទម្រង់ការបោះឆ្នោត។

នៅក្នុងបទអន្តរាគមន៍ឆ្លើយតបទៅនឹងរបាយការណ៍ចោទប្រកាន់របស់អ្នករាយការណ៍ពិសេស ដែលថា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យនិងការព្រួយបារម្ភ ឯកអគ្គរាជទូត
និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖

“បើទោះបីជាកម្ពុជាបានផ្ដល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្តែងឡើង តាមរយៈកិច្ចសន្ទនាចំនួន១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើក ឡើងឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង។”

” សូមស្នើជាថ្មីម្ដងទៀតឱ្យអ្នករាយការណ៍ពិសេសផ្តល់នូវភស្តុតាងរឹងមាំជាក់ស្តែង ដើម្បី ផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ចំនួនពីរករណី ដែលអ្នករាយការណ៍ពិសេសបានថ្លែង កន្លងមក។”

– “ធាតុពិត សុខសន្តិភាពពេញលេញ ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិពិតប្រាកដ ដែលអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) មិនបាន បំពេញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ត្រូវបានសម្រេចទាំង ស្រុងតាមរយៈ “នយោបាយឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជោគជ័យនេះបានជំរុញឱ្យកម្ពុជាមានការរីកចម្រើននិងការអភិវឌ្ឍ ព្រមទាំងទទួលបាន សមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសបានប្រែក្លាយកម្ពុជាជាប្រទេសមាន “ចំណូលមធ្យមកម្រិតទាប” ក្នុងឆ្នាំ២០១៦ និងធ្វើឱ្យកម្ពុជាបំពេញបានជាលើកដំបូងនូវ លក្ខណៈវិនិច្ឆ័យចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២១។ នៅសប្តាហ៍ មុន លោក Kishida Fumio

នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញនូវមោទនភាពចំពោះ វឌ្ឍនភាពរបស់កម្ពុជា និងបានថ្លែងថា ពិភពលោកដែលកំពុងស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យ ព្រួយបារម្ភនេះ គួររៀនសូត្រពីស្មារតីសុខសន្តិភាពរបស់ប្រទេសកម្ពុជា។”

– កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សមិនមែនផ្តោតលើការរត់ប្រណាំងប្រជែងគ្នា និងភាពល្អឥត ខ្ចោះអំពីបញ្ហាទេ ប៉ុន្តែគឺដូចនឹងការរត់រយៈចម្ងាយវង ដែលត្រូវផ្តោតលើការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងវឌ្ឍនភាពជាក់ស្តែង ហើយកិច្ចពិភាក្សាលើប្រធានបទនេះគួរធ្វើឡើង ដោយផ្អែកលើស្ថិតិ និងអង្គហេតុ មិនមែនផ្អែកទៅតាមអារម្មណ៍យល់ឃើញនោះទេ។”

“កម្ពុជា ជាប្រទេសតូចមែនពិត ប៉ុន្តែមានប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណ៏និងឌីជីថល ជិត២.០០០ អង្គភាព ដែលក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយដែលតែងតែរិះគន់រដ្ឋាភិបាល ជាប្រចាំ មានសហជីពជិត ៦០០០ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី ចំនួនជិត៦.០០០។”

– “វាជាប្រការគួរឱ្យអស់សំណើច ដែលអ្នករាយការណ៍ពិសេសទទូចឱ្យមានតម្លាភាពនិង គណនេយ្យភាព ប៉ុន្តែបែរជារិះគន់ ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែល បានដាក់បញ្ចូលនូវគោលការណ៍ដ៏សំខាន់ទាំងនោះ ចំពោះមូលនិធិ និងសកម្មភាព របស់អង្គការមិនមែនរដ្ឋាភិបាល។”

ពាក់ព័ន្ធនឹងអ្វីដែលអ្នករាយការណ៍ពិសេសហៅថា ការកាត់ក្ដីទ្រង់ទ្រាយធំ តំណាងកម្ពុជាបានបកស្រាយបំភ្លឺថា៖

“អ្នករាយការណ៍ពិសេសពុំបានផ្ដល់អង្គហេតុលម្អិត ដែលធាតុពិត មានជាប់ពាក់ព័ន្ធនឹងការ ញុះញង់ឱ្យយោធិននិងជនស៊ីវិលមិនស្តាប់បង្គាប់។ ទង្វើបែបនេះសុទ្ធតែត្រូវបានគេថ្កោល ទោស។ មេក្លោងរៀបចំផែនការនេះក៏ត្រូវបានថ្កោលទោសផងដែរដោយអ្នករាយការណ៍ ពិសេសមុន នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ចំពោះទង្វើញុះញង់ឱ្យផ្ដួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន។ –

* ការចូលរួមរបស់បុគ្គលណាម្នាក់ជាមួយគណបក្សនយោបាយនិងអង្គការមិនមែនរដ្ឋាភិបាល មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ឱ្យបុគ្គលនោះ បំពានច្បាប់ដោយនិទណ្ឌភាពនោះទេ។ បទល្មើសគឺជាបទល្មើស ហើយគេមិនអាចយកបទល្មើសនោះ ទៅបំភ្លឺជាហេតុផលថា បម្រើឱ្យគោលបំណងដទផ្សេងឡើយ។”

ដោយរំលឹកឡើងវិញជូនអង្គប្រជុំពី មេដឹកនាំបក្សប្រឆាំងដែលបានហៅបុគ្គលទាំងឡាយណាដែល ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ជាជនក្បត់ និងដែលបានញុះញង់អ្នកខ្ចីប្រាក់ពីធនាគារ មិន ឱ្យសងប្រាក់កម្ចី តំណាងកម្ពុជាបានចោទសួរអ្នករាយការណ៍ពិសេស និងប្រតិភូប្រទេសលោកខាង លិចដែលមានវត្តមានក្នុងកិច្ចសន្ទនាថា “តើទាំងអស់នេះឬ ដែលជាសំឡេងប្រឆាំង និងសេរីភាព បញ្ចេញមតិ ដែលលោកអ្នកកំពុងគាំទ្រចង់ឱ្យមាន នៅប្រទេសកម្ពុជា?

ប្រតិកម្មទៅនឹងការចោទប្រកាន់ដោយមិនឈរលើហេតុផល អំពីការដឹកនាំដោយឯកបក្សនោះ តំណាងអចិន្ត្រៃយ៍កម្ពុជាបានសង្កត់ធ្ងន់ថា៖ “ការដឹកនាំនៅកម្ពុជា គឺកើតចេញពីការបោះឆ្នោតជ្រើស តាំងដោយប្រជាជន តាមបែបប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ។ បើទោះបីជាមានការអំពាវ នាវឱ្យធ្វើពហិការការបោះឆ្នោតក្នុងឆ្នាំ២០១៨ ដោយក្រុមមួយចំនួនយ៉ាងណាក្តី ក៏អត្រាប្រជាជន ចូលរួមបោះឆ្នោតមានចំនួន ៨៣,០២% ហើយក្នុងនោះ ៧៧% បានផ្តល់ការជឿទុកចិត្តបោះឆ្នោត ជូនបក្សកាន់អំណាច ដើម្បីបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចំពោះការរៀបចំការបោះឆ្នោត បទអន្តរាគមន៍របស់គណៈប្រតិភូកម្ពុជា បានលើកឡើងថា “មាន អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន៣២រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដោយក្នុងនោះ អ្នកនយោបាយខ្លះបានទៅបង្កើតគណបក្សថ្មីចំនួន៦ ដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្ស កាន់អំណាច នៅក្នុងការបោះឆ្នោតខាងមុខ។ កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយនានា ត្រូវ បានដាក់ចេញ ដើម្បីធានាថា ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ប្រព្រឹត្តទៅដោយសរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ ដោយសន្តិវិធី និងតម្លាភាព។ កំណែទម្រង់បោះឆ្នោតជាតិមានរួម បញ្ចូលឌីជីថលូបនីយកម្ម។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែមានសមាសភាពចម្រុះ និងអព្យាក្រឹត ស្របតាមច្បាប់។ អាជ្ញាធរនៅមូលដ្ឋានត្រូវបានណែនាំយ៉ាងត្រឹមត្រូវ ឱ្យបង្កើត បរិយាកាសអំណោយផលសម្រាប់គណបក្សនយោបាយទាំង១៧ ដែលបានចុះឈ្មោះចូលរួមប្រកួត ប្រជែង។ ស្ថាប័នរៀបចំការបោះឆ្នោត និងរាជរដ្ឋាភិបាលបានជួបសន្ទនាជាមួយគណបក្សប្រឆាំង ដើម្បីដោះស្រាយកង្វល់នានា ពាក់ព័ន្ធនឹងការបោះឆ្នោត។ –

នៅចុងបញ្ចប់ តំណាងអចិន្ត្រៃយ៍កម្ពុជាក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តធ្វើការជាមួយដៃគូទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សម្រាប់ទាំងអស់ គ្នា នៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ បន្តលើកតម្កើងការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាសន្តិភាពនៅ កម្ពុជា ដែលសម្រេចបានដោយលំបាក ហើយដែលប្រជាជនកម្ពុជាគ្រប់រូបផ្តល់តម្លៃនិងគាំពារ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print