លោករដ្ឋមន្ដ្រី ថោង ខុន៖ ត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើនជិត៥០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើន៤៨ភាគរយ។

លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)។

បើតាមលោករដ្ឋមន្ដ្រី ភាគច្រើនទេសចរអន្តរជាតិមកពី៖ អាស៊ាន (ថៃ វៀតណាម និងឥណ្ឌូនេស៊ី), ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន), ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស), ទ្វីបអាមេរិក (អាមេរិក)។ តាមការប៉ាន់ស្មាន កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រួលដល់ការធ្វើដំណើរ ដោយផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខន្តតម្រូវផ្នែកសុខាភិបាល។

ដោយឡែក ទេសចរណ៍ផ្ទៃក្នុង សរុបប្រមាណ២.៨លាននាក់ កើនឡើង៤៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ទេសចរជាតិប្រមាណ ២.៥លាននាក់ កើនឡើង៤២% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៣០ម៉ឺននាក់ កើនឡើង១៣១%។ តាមការព្យាករណ៍ឆ្នាំ២០២២ អាចនឹងមានទេសចរផ្ទៃក្នុងដើរកម្សាន្ដទូទាំងប្រទេស ប្រមាណជាង១០លាននាក់ កើនឡើង ជាង១០០% (២០២១ ចំនួន៤.៦៦លាននាក់)៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print