ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិត ដាវ និងបំពង់ទីប វាយ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ។
ជនសង្ស័យឈ្មោះ ខុន ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលីជី ស្នាក់នៅក្នុងឃ្លាំងជី (យីហោ) ជាម តិច ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះទី១ឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តដឹកជី ទី២ឈ្មោះ ជា សារ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលីជី និងទី៣ឈ្មោះ ស៊ុំ ជី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តដឹកជី ទាំង៣នាក់ ស្នាក់នៅក្នុងឃ្លាំងជី (យីហោ) ជាម តិច ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ១៩ កម្មករឃ្លាំងជី (យីហោ) ជាម តិច ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានឈ្មោះប្រកែកវាយតប់គ្នាទៅវិញទៅមក ប៉ុន្តែត្រូវបានអ្នកជិតខាងជួយឃាត់បំបែកឲ្យចូលកន្លែងរៀងៗខ្លួន ។ លុះរហូតវេលាម៉ោង ២៣ ថ្ងៃខែដដែល ស្រាប់តែ មានជនសង្ស័យចំនួន៥នាក់ ទី១ឈ្មោះ ខុន ចំណាន ទី២ឈ្មោះ ខុន សំណាង ទី៣ឈ្មោះ ឈុំ សារ៉ាត់ ទី៤ឈ្មោះ ខ្មៅ និងទី៥ឈ្មោះ ខុន រៀន ប្រដាប់ដោយដាវ កាំបិត បំពង់ទីប គ្រប់ដៃ បានមកបង្កជម្លោះជាមួយជនរងគ្រោះខាងលើ រហូតកើតមានអំពើហិង្សា វាយកាប់ចាក់គ្នា បណ្តាលឲ្យឈ្មោះ ជា ប៊ុនធឿន ឈ្មោះ ស៊ុំ ជី និងឈ្មោះ ជា សារ័ត្ន រងរបួសធ្ងន់ និងស្រាល ៕ ជឹម ភារ៉ា