ភ្នំពេញ : អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៥ ក្រោមប្រធានបទ គាំទផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ · ក្លាយជាស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់និងទិញផលិតផលខ្មែរ។
ឆ្លើយតបទៅនឹងប្រធានបទ “ គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ “ ក្នុងទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៥ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៥
ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នាអនុវត្ត៖
ទីមួយ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តកិច្ចសហការនិងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការ ប្រើប្រាស់ផលិតផលខ្មែរ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងបន្តផ្តល់ជំនាញនានាដល់ ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការ វេចខ្ចប់ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស។
ទីពីរ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិ មួយផលិតផលមួយរាជធានី ខេត្តទាំងអស់ និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងវិស័យឯកជន រៀបចំទីផ្សារអនឡាញជួយផលិតផលខ្មែរក្នុងការទិញ-លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផល នានាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។
ទីបី៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវ សហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យស្ថានតំណាងកម្ពុជាប្រចាំនៅ បរទេសផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិ មួយផលិតផលមួយនៅកម្ពុជាទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រោមការសម្របសម្រួលរបស់ អគ្គលេខាធិការដ្ឋានអាស៊ាន។
ទីបួន៖ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជា ផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុង ស្រុកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោល នយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦ -២០២៦។
ទីប្រាំ៖ ប្រជាជនកម្ពុជាគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម សហគមន៍ សមាគម។ល។ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្មនិង ជិតស្និទ្ធក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្ត ឱ្យបានជោគជ័យនូវទិសដៅលើកកម្ពស់ផលិតផលខ្មែរ៕