ស្ថានភាពនយោបាយនៅក្នុងប្រទេសស្រីលង្កាកាន់តែតានតឹងខណៈដែលប្រធានាធិបតីលោក Gotabaya Rajapaksa នៅថ្ងៃទី ៥ខែមេសា បានបាត់បង់ការគាំទ្រ នៅក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តនៅរដ្ឋសភា ។ ស្ថានភាពបែបនេះកើតឡើងក្រោយពីប្រទេសនេះប្រឈមនឹងកង្វះស្បៀងអាហារនិង ថាមពលកាន់តែខ្លាំង ។
សម្ព័ន្ធមិត្តកាន់អំណាចរបស់ប្រធានាធិបតី Gotabaya Rajapaksa ធ្លាក់នៅក្នុងសភាពច្របូកច្របល់ ក្រោយពេលរដ្ឋមន្ត្រីជាច្រើនរូបបានសម្រេចលាលែងចេញពីតំណែង។ នៅថ្ងៃទី ៥ខែមេសា រដ្ឋមន្ត្រីហិរញ្ញវត្ថុដែលទើបតែឡើងកាន់អំណាចបាន១ថ្ងៃក៏ត្រូវលាលែងចេញពីតំណែងផងដែរ។
ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានលុបចោលការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ស្របពេលដែលសមាជិកសភារាប់សិបនាក់ បានសម្រេចចាកចេញពីសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលចម្រុះស្រីលង្កាដែលកំពុងកាន់អំណាច។
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល, លោក Rajapaksa បានលុបចោលបទបញ្ញត្តិលើការគ្រប់គ្រងគ្រាអាសន្នដែលបានដាក់ចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពីមានការតវ៉ាដោយហិង្សាជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ និងទាមទារឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង។
ដោយឡែក មុនពេលមានសេចក្តីសម្រេចនេះ, រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុស្រីលង្កា លោកអាលី សាប្រ៊ី (Ali Sabry) បានលាលែងពីតំណែងនៅថ្ងៃអង្គារសប្តាហ៍នេះ គឺ១ថ្ងៃបន្ទាប់ពីលោកត្រូវបានតែងតាំងចំពោះមុខកិច្ចការដ៏សំខាន់របស់លោកជាមួយមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ដើម្បីសិក្សាពីប្រាក់កម្ចី ដែលនេះជាការបរាជ័យមួយផ្សេងទៀតសម្រាប់រដ្ឋបាលរបស់លោក Rajapaksa។
លោក Rajapaksa បានរំលាយគណៈរដ្ឋមន្រ្តីរបស់លោក ហើយស្វែងរកការបង្កើតរដ្ឋាភិបាលរួបរួមមួយក្នុងស្ថានភាពសេដ្ឋកិច្ចដែលពោរពេញដោយបំណុលនិងបាននាំឱ្យមានកង្វះខាតស្បៀងអាហារ, ថ្នាំពេទ្យ, ប្រេងឥន្ធនៈ រហូតឈានដល់ការផ្តាច់ចរន្តអគ្គិសនីរាប់ម៉ោង៕ ដោយធីរីណា
រូបថត : AFP/TTXVN