ខេត្តកណ្តាល៖ នារីម្នាក់ជិះម៉ូតូឌុបប្អូនប្រុសពីក្រោយបើកបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តបើកស្របទិសគ្នាគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ បុកពេញមួយទំហឹងដួលរងរបួសធ្ងន់ស្រាល បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានព្យាយាមបើកគេចរហូតដល់ភ្លើងស្តុបស្ពានព្រែកហូរ ក៏ត្រូវនគរបាលក្របួចជាប់ទាំងរថយន្តនិងអ្នកបើកបរ បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវលេខ១១៥កែងផ្លូវលំកំពង់សំណាញ់១ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា អ្នកបើកបរដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ សៀ ស្រ៊ុន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិគ្រួស ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3B-9585 ។ ម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1CQ-9118 បើកបរដោយឈ្មោះ សុផល ស្រីមាន ភេទស្រី អាយុ១៨ឆ្នាំ (រងរបួសស្រាល) និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សុផល សុរាជភូ ភេទប្រុស អាយុ១៣ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាស្គុបពីបើកបរដោយនារីម្នាក់និងមានក្មេងប្រុសម្នាក់ជិះពីក្រោយ បើកបរតាមបណ្តោយផ្លូវលេខ១១៥ក្នុងទិសដៅពីកើតទៅលិច (ពីភ្លើងស្តុបគល់ស្ពានព្រែកសំរោងឆ្ពោះទៅភ្លើងស្តុបគល់ស្ពានព្រែកហូរ) ដោយល្បឿនមធ្យម ខណៈបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានព្យាយាមបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ ស្របពេលនោះរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកមកពីក្រោយគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏បុកពេញមួយទំហឹងបណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវក្រាលកៅស៊ូធ្វើឲ្យជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់-ស្រាលតែម្តង ។
ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានព្យាយាមបើកគេចរហូតដល់ភ្លើងស្តុបស្ពានព្រែកហូរ ក៏ត្រូវនគរបាលក្របួចជាប់ទាំងរថយន្តនិងអ្នកបើកបរ បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែដោយសារស្ថានភាពក្មេងប្រុសរួមដំណើរពីក្រោយរងរបួសធ្ងន់ពេក ក្រុមគ្រួសារបានសម្រេចបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធនិងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលជំនាញចររាចរណ៍ក្រុងតាខ្មៅ កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ