ខេត្តក្រចេះ៖ ពលរដ្ឋជាអាជីវករលក់ដូរមុខទំនិញផ្សេងៗ និងមានលំនៅដ្ឋានក្នុងផ្សារអូរឫស្សីក្រុងក្រចេះ ចំនួន៣៨គ្រួសារ ដែលរងផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្សារអូរឫស្សី គ្រោងនិងនាំគ្នាឡើងទៅរាជធានីភ្នំពេញ ដើម្បីយកញត្តិដាក់នៅខុទ្ធកាល័យសម្តេចនាយករដ្ឋមន្រ្តី ដើម្បីសុំការអន្តរាគមន៍ ក្រោយពីអាជ្ញាធរខេត្តក្រចេះ នៅពន្យាល់ពេលមិនទាន់រកដំណោះស្រាយជូនពួកគាត់ ដែលកំពុងរងគ្រោះពីការបណ្តេញចេញពីអ្នកវិនិយោគផ្សារ ។
ក្រុមអាជីវករបានលើកឡើងថា ពួកគាត់បានត្រៀមរួចជាស្រេចនូវឯកសារពាក់ព័ន្ធមួយចំនួន ដែលគ្រោងនិងយកទៅដាក់ នៅខុទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី បើសិនជាអាជ្ញាធរខេត្តក្រចេះ មិនមានដំណោះស្រាយណាមួយជូនពួកគាត់ ។ ពួកគាត់អះអាងថា កន្លងទៅនៅថ្ងៃទី១០ខែមិនាឆ្នាំ២០១៦ ពួកគាត់ក៏ធ្លាប់បានយកញត្តិដាក់ចូលទៅសាលាខេត្តក្រចេះ ដើម្បីរកដំណោះស្រាយដែរ តែរហូតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយខែមកហើយ តែពួកគាត់នៅមិនទាន់បានការឆ្លើយតប ពីសំណាក់អាជ្ញាធរនៅឡើយទេ ។
ពលរដ្ឋដែលមានលំនៅដ្ឋាននៅផ្សារអូរឫស្សី ក្រុងក្រចេះ អ្នកស្រី ស៊ីម សុខឡែង បាននិយាយថា ពួកគាត់បានមកតាំងលំនៅដ្ឋាននៅទីនេះ តាំងពីឆ្នាំ១៩៨៥មកម្លេះ ដោយប្រកបរបរលក់ដូរបន្តិចបន្តួចគ្រាន់ចិញ្ចឹកក្រពះ តែពេលនេះអ្នកវិនិយោគផ្សារ រួមជាមួយអាជ្ញាធរដោយយោងតាមសេចក្តីជូនដំណឹង របស់សាលាក្រុងក្រចេះ ចុះថ្ងៃទី២ខែមិនា ឆ្នាំ២០១៦ បានបង្ខំបឱ្យពួកគាត់រុះរើផ្ទះសម្បែងចេញ ហើយអ្នកវិនិយោគនិងយកដីដែលពួកគាត់រស់នៅសព្វថ្ងៃនេះ សង់ជាតូបផ្សារដើម្បីលក់បន្ត ។ អ្នកស្រីអះអាងថា បើសិនជាខាងអាជ្ញាធរ ឬអ្នកវិនិយោគផ្សារ មិនមានដំណោះស្រាយណាមួយមកជូនពួកគាត់ទេនោះ គឺដាច់ខាតពួកគាត់ទាំង៣៨គ្រួសារ មិនរុះរើចេញដាច់ខាត ។
លោក ខាត់ ផែងអាន ជាអាជីវករនិងមានទីលំនៅក្នុងផ្សារអូរឫស្សីបាននិយាយថា ពួកគាត់មិនជំទាស់ទៅនិងការអភិវឌ្ឍន៍របស់អាជ្ញាធរនោះទេ តែសុំឱ្យអ្នកវិនិយោគ ក៏ដូចជាអាជ្ញាធរ ត្រូវគោរពតាមស្មារតីលិខិតអនុញ្ញាត លេខ៤០៤៣ ចុះថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុញ្ញាត អំពីគោលការណ៍ឱ្យធ្វើការវិនិយោគទុន ជួសជុលកែលម្អឡើងវិញ នៅប្រពន្ធលូបង្ហូរទឹកទាំងក្នុងនិងជុំវិញផ្សារអូរឫស្សី ធ្វើកន្លែងផ្ញើរកង ម៉ូតូ សាងសង់ទីស្នាក់ការផ្សារ និងបង្គន់អនាម័យ ហើយរាល់ការចំណាយទន់ជួសជល់លើគម្រោងផ្សារនេះ និងបង្វិលមកវិញនៅការយកភាស៊ីផ្សារចំនួន១៨ឆ្នាំ ។
លោកបន្តថា អ្នកធ្វើការវិនិយោគជួសជល់ផ្សារ រួមនិងបុគ្គលមួយក្តាប់តូច បានឃុបឃិតគ្នាបណ្តេញពួកគាត់ចេញពីផ្ទះសម្បែង មិនតែប៉ុណ្ណោះអ្នកវិនិយោគ ក៏មិនគោរពតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ បែរជាអ្នកវិនិយោគដែលមាន លោកស្រី ឈិន ម៉ាឡែន ជាអ្នកទទួល និងអនុវត្តន៍កាតព្វកិច្ចជួសជុលផ្សារនេះ បានយកគ្រឿងចាក់មកវាយកម្ទេចផ្សារចាស់តាំងពីសម័យបុរាណចោល ហើយនិងសាងសង់ថ្មី ហើយធ្វើជាតូបដើម្បីលក់ទៅវិញ ។ លោកបានបញ្ជាក់ថា បើសិនជាអាជ្ញាធរនៅប្រងើយកន្តើយ មិនដោះស្រាយជួនពួកគាត់ ដែលជាពលរដ្ឋរងគ្រោះទាំង៣៨គ្រួសារនេះទេ ពួកគាត់និងលើកគ្នាឡើងទៅរាជធានីភ្នំពេញ ដើម្បីដាក់ទៅឧុទ្ធកាល័យសម្តេចនាយករដ្ឋមន្រ្តី ដើម្បីសុំការអន្តរាគមន៍ ។
ដោយឡែកអ្នកស្រី ឃុត លីម៉ាច ជាអាជីវករនៅផ្សារអូរឫស្សី បាននិយាយថា ការសាង់សង់តូបផ្សារគឺធ្វើឱ្យពួកគាត់បាត់បង់ទីជម្រក និងមុខរបរប្រចាំថ្ងៃ មិនតែប៉ុណ្ណោះខាងអាជ្ញាធរបានមកបង្ខំឱ្យពួកគាត់រុះរើផ្ទះដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃនេះចេញ ដោយខាងអាជ្ញាធរទុកពេលឱ្យពួកគាត់រុះរើក្នុងរយៈពេល១៥ថ្ងៃ តែបើមិនរុះរើនោះទេ ពួកគេនិងយកគ្រឿងចក្រមកវាយកម្ទេចចោលតែម្តង ។
អ្នកស្រីបន្តថា បើសិនជាអាជ្ញាធរបណ្តេញពួកគាត់ចេញពីផ្ទះដែលពួកគាត់រស់នៅ ដើម្បីយកដីប្រគល់ទៅឱ្យអ្នកវិនិយោគធ្វើតូបលក់នោះ តើឱ្យពួកគាត់ទៅរស់នៅកន្លែងណា? ជាងនេះទៅទៀតពួកគាត់ក៏គ្មានមុខរបរផ្សេង ក្រៅពីលក់ដូរបន្តិចបន្ទួតនៅមុខផ្ទះក្នុងផ្សារអូរឫស្សី ក្រុងក្រចេះនេះ ។
ពាក់ព័ន្ធនិងករណីខាងលើនេះ មិនអាចស្វែងរកប្រភពទាក់ទងដើម្បីសុំការបំភ្លឺ ពីអ្នកស្រី ឈិន ម៉ាឡែន ជាអ្នកទទួល អនុវត្តន៍កាតព្វកិច្ច លើការជួសជុលផ្សារអូរឫស្សីក្រុងក្រចេះនេះបានទេ ៕
ដោយ៖ កោះទ្រុង