អគ្គនាយកដ្ឋានពន្ធដារអញ្ជើញ ឧកញ៉ា ហួ សុជាតិ ចូលមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋផង

ចែករំលែក៖

ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញឧកញ៉ា ហួ សុជាតិ អគ្គនាយកក្រុមហ៊ុន អៅវើរថិចស្តា កូលិកស៉ិន (Hourtextile Collection Co.,Ltd) មកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ។ នេះបើតាមលិខិតរបស់លោក គង់ វិបុល ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនឧកញ៉ា ហួ សុជាតិ អគ្គនាយកក្រុមហ៊ុន ជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋាន ពន្ធដារបានអញ្ជើញឧកញ៉ាអគ្គនាយកក្រុមហ៊ុនមកដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធនិងផ្ញើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋ ប៉ុន្តែមិនបានមកតាមការអញ្ជើញ និងមិន បានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញឧកញ៉ាអគ្គនាយកក្រុមហ៊ុនមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិន ឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ ឧកញ៉ាអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ឧកញ៉ា អគ្គនាយកក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print