ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសជនជាតិអង់គ្លេសម្នាក់ បានគាំងបេះដូងស្លាប់ភ្លាមៗ ក្រោយពេលក្រុមគ្រួសារដឹកយកទៅសង្គ្រនៅមន្ទីរពេទ្យ ហើយការស្លាប់នោះត្រូវបានគេសង្ស័យថាមកពីជនរងគ្រោះប្រើប្រាស់ថ្នាំប្រភេទម៉កហ្វីនលើសកំរិតទើបបណ្ដាលឲ្យគាំងបេះដូងបែបនេះ ។
ករណីជនបរទេសស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ១៤៨E៤ ផ្លូវលេខ៦៣ ក្រុម២៦ ភូមិ០៦សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនបរទេសដែលស្លាប់ឈ្មោះDavies Richard Mathew អាយុ២៩ឆ្នាំជនជាតិអង់គ្លេសបានមកស្នាក់នៅផ្ទះជួលកើតហេតុកាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០១៦ មុខរបរជាគ្រូបង្រៀន ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បើតាមការបំភ្លឺពីលោកស្រីឈ្មោះWilliam kathe Rine ELizabeth អាយុ២៦ឆ្នាំ ជនជាតិអង់គ្លេស មុខរបរជាប្រធានអង្គការStar Foundation និងជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ប្តីរបស់គាត់មុនពេលកើតហេតុកាលពីព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ប្តីគាត់បានចេញពីផ្ទះទៅបង្រៀនសិស្សហើយត្រឡប់មកវិញហូបបាយរួចដេកនៅលើសាឡុងលុះដល់ល្ងាចថ្ងៃដដែលស្រាប់តែប្តីគាត់មានអាការៈមិនស្រួលគាត់បានប្រាប់ម្ចាស់ផ្ទះជួលឲ្យដឹកប្តីគាត់មកពេទ្យពេលមកដល់ពេទ្យគ្រូពេទ្យបញ្ជាក់ប្រាប់ថាប្តីគាត់បានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចចម្ររុះបានបង្កើតគណៈកម្មការចុះពិនិត្យធ្វើកោសល្យវិច្ច័យទៅលើសាកសព ហើយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយគាំងបេះដូងអាចមកពីការប្រើប្រាស់ថ្នាំម៉កហ្វីនហួសកំរិត ។
បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់ក្លាស្សេទុកនៅមន្ទីរពេទ្យរុស្ស៊ីដើម្បីរង់ចាំប្រគល់ឲ្យទៅក្រុមគ្រួសារសព ៕
ដោយ៖ ស ដារ៉ា