ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញក្រោមឱវាទ បានចុះពិនិត្យ ដើម្បីពន្លឿនការដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ តំបន់អភិវឌ្ឍន៍បឹងកក់ រួមមាន ផ្លូវមេ បណ្ដាញ លូមេ និង ធ្វើការ បើកច្រកតភ្ជាប់បណ្ដាញផ្លូវមេ សំខាន់ៗ ទំាងនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងតភ្ជាប់មកបណ្ដាញផ្លូវនៅជុំវិញចេញចូលមកខាងក្រៅតំបន់អភិវឌ្ឍន៍បឹងកក់ជាដើម ។ នៅក្នុងឱកាសចុះពិនិត្យ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នំា២០១៦ លោក ប៉ា សុជាតិវង្ស និងមន្ដ្រីជំនាញរួមជាមួយ និងគណៈកម្មាធិការបានឯកភាពគ្នា ខិតខំធ្វើការពន្លឿនការដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធនេះ ឲ្យរួច រាល់ក្នុងរយៈពេល ៣ទៅ៤ខែទៀត ឲ្យរួចរាល់ទំាងការងារដាក់បណ្ដាញលូមេ និងធ្វើការបើក ពង្រីកផ្លូវថ្មី ដើម្បីជួយរំដោះចរាចរណ៍ ពីផ្លូវសហព័ន្ធរុស្សី និងផ្លូវព្រះមន្នីវង្សផងដែរ ។
លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ដែរថា អាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ូការគូអ៊ីនបានសហការជាមួយមន្ទីរសូរិយោដី ធ្វើការវាស់វែង កំណត់ព្រុំប្រទល់កំណត់ផ្លូវ បណ្ដាញលូមេ ដើម្បីរំដោះទឹករួចរាល់អស់ហើយដែរស្ថិតនៅលើទំហំដីប្រមាណជាង៣០០ហិកតា គឺនៅតែធ្វើការសាងសង់សំណង់ប៉ុណ្ណោះ បច្ចុប្បន្ន ក្រុមហ៊ុន សហការជាមួយអាជ្ញាធរ រាជធានីភ្នំពេញ កំពុងធ្វើការសាងសង់ ពង្រីកផ្លូវថ្មី ដែលមានទំហំទទឹង២០ម៉ែត្រ បណ្ដោយ៥០០ម៉ែត្រ តភ្ជាប់មកផ្លូវសហព័ន្ធរុស្សី ទៅផ្លូវទំនប់៧០ ទួលគោក ១ខ្សែរួចរាល់ និងផ្លូវតភ្ជាប់ពីផ្លូវព្រះមន្នីវង្ស មករង្វង់មូលនាគវ័ន្ធ បានរួចរាល់ហើដែរ ។ និងផ្លូវដែលកំពុងកសាងថ្មីបន្ថែមតភ្ជាប់បណ្ដាញខាងក្នុងតំបន់អភិវឌ្ឍន៍បឹងកក់បានចំនួន១០ខ្សែបនន្ថែមទៀត បច្ចុប្បន្នសាងសង់បាន៧៥ភាគរយហើយ ។ ដោយការងារដាក់បណ្ដាញលូមេ អមសង់ខាងផ្លូវសំខាន់ៗ ដែលមានមុខកាត់ចាប់ពីទំហំ២ម៉ែត្រទៅ៣ម៉ែត្រ បានចំនួនប្រមាណជាង៨ ខ្សែ ហើយដែរ ។ ក្រោយពីការដ្ឋានកសាងសង់បណ្ដាញលូមេ និងផ្លូវមេក្នុងតំបន់អភិវឌ្ឍន៍បឹងកក់នេះរួចរាល់ហើយ និងអាចជួយរំដោះចរាចរណ៍ការលិចលុងដោយទឹកភ្លៀង នៅកណ្ដាលរាជធានីភ្នំពេញបានមួយកំរិតធំនិងលែងមានការលិចលុងតទៅទៀត។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បើទោះបីការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់នេះ បានដំណើរការទៅមុខដោយរលូននោះហើយក្ដី តែអាជ្ញាធររាជធានីភ្នំពេញនូវតែទទូចនិងជំរុញឲ្យក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ រួមជាមួយ និងមន្ដ្រីជំនាញ មន្ទីរពាក់ព័ន្ធ ត្រូវបន្ដខិតខំពន្លឿនការដ្ឋាននេះឲ្យបានលឿនដើម្បីនិងឆាប់បានដំឡើងប្លង់ សំណង់ អគារ ដែលនិងត្រូវសាងសង់ដាក់ជូនសាធារណជនឲ្យបងប្អូនប្រជាពលរដ្ឋទូទៅបានឃើញពីគម្រោងពិតជាក់លក្ខនិងច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ដែលជាគោលបំណងធំរបស់រាជរដ្ឋាភិបាលដោយកែប្រែពីតំបន់អណាធិបតេយ្យទៅជាតំបន់ទីក្រុងដ៍ទំនើបនិងសម្បូរបែបសម្រាប់ថ្ងៃអនាគត។
សូមបញ្ជាក់ថា ក្រុមហ៊ុនស៊ូការកូអ៊ីន និងអាជ្ញាធររាជធានីភ្នំពេញ ក៍កំពុងខិតខំដោះស្រាយទំនាស់ដែលនៅសេសសល់ រឿង ផ្ទះ ដី រវាងអាជ្ញាធរជាមួយបងប្អូនប្រជាពលរដ្ឋដោយសន្តិវិធីក្នុងនោះមានទាំងការទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃពីជាង១ម៉ឺនដុល្លាររហូតដល់ ៣០ម៉ឺនដុល្លារអាមេរិកក៍មានដែរ ដើម្បីបញ្ចប់បញ្ហានៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់នេះ។ បច្ចុប្បន្ននេះក្រុមហ៊ុនបានធ្វើការកសាងផ្លូវកៅស៊ូ ចំនួន២ខ្សែ ដែលមានទទឹង២០ម៉ែត្រ តភ្ជាប់មកផ្លូវធំរួចហើយ ដើម្បីជួយសម្រួលចរាចរដល់បងប្អូនប្រជាពលរដ្ឋក្នុងការកកស្ទះចរាចរណ៍នៅផ្លូវសហព័ន្ធរុស្សី ផ្លូវទំនប់៧០និងផ្លូវព្រះមន្នីវង្សបានយ៉ាងច្រើនផងដែរ ៕
ដោយ៖ សំរិត