ភ្នំពេញ : លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងបទស
សូមជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាបធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំង២៥។
កម្មវត្ថុ ៖ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមិនទាន់បានវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤)។
យោង ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់មក គ.វ.ក-១៩របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្រោយចប់ពិធី ប្រគល់-ទទួលវ៉ាក់សាំងកូប៊ីសែលដែលជាជំនួយដ៏ថ្លៃថ្លាពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ជូនរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។
តបតាមកម្មវត្ថុ និងយោងខាងលើ គ.វ.ក-១៩ សូមធ្វើការណែនាំ ជូនដល់ លោក លោកស្រី អភិបាល នៃគណៈ អភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំង២៥ ដូច ខាងក្រោម៖
ពង្រឹង និងបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសជំរុញ ទាំងដូសទី៣ និងដួសទី៤ ដោយធ្វើយុទ្ធនាការ ចុះចាក់នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីវត្តអារាម និងនៅតាមតំបន់កំសាន្តសំខាន់ៗ ក្នុងអំឡុងពេល ចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក-១៩ នឹងបញ្ជូនក្រុមគ្រូពេទ្យយុវជន ស្ម័គ្រចិត្ត ចុះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសជំរុញ (ទាំងដួសទី៣ និងដួសទី៤) នៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម កំពត ព្រៃវែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ស្ទឹងត្រែង និងក្រចេះ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដោយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការសម្របសម្រួល និង កៀរគរប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចុះចាក់នេះឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។
ក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ នឹងធ្វើយុទ្ធនាការចុះចាក់តាមខ្នងផ្ទះប្រជាពលរដ្ឋ និងរោងចក្រ-សហគ្រាស នៃ ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន (ដូសទី១ និងដូសទី២) និងដូសជំរុញ (ដូសទី៣ និងដូសទី៤) ដោយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការសម្របសម្រួល និងកៀរគរប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចុះចាក់នេះឱ្យមាន ប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។
ខេត្តផ្សេងទៀតដែលមិនបានរៀបរាប់ឈ្មោះខាងលើ សូមទទួលខុសត្រូវក្នុងការជំរុញធ្វើយុទ្ធនាការចុះចាក់តាមខ្នងផ្ទះ ដោយប្រើប្រាស់កម្លាំងគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាល ឬគ្រូពេទ្យស្ម័គ្រចិត្ដនានាដែលមាននៅក្នុងខេត្ត ដោយ ត្រូវមានផែនការច្បាស់លាស់ និងមានការឯកភាពជាមុនពី គ.វ.ក-១៩ ធ្វើយ៉ាងណាឱ្យវ៉ាក់សាំងកូវីដ-១៩ បានស្រោច ស្រពពេញលេញជូនប្រជាជននៃដែនសមត្ថកិច្ចរបស់ខ្លួនទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ជាពិសេសត្រូវយកចិត្តទុកដាក់ចាក់ជូនកម្មករ កម្មការិនី នៅតាមរោងចក្រ និងសហគ្រាសនៅក្នុងដែនសមត្ថកិច្ចនៃ រដ្ឋបាលខេត្តរៀងៗខ្លួន។
សូមយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង និងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបានពីឃ្លាំងឱសថកណ្ដាល នៃក្រសួងសុខាភិបាល ដោយប្រើប្រាស់ឱ្យអស់ កុំឱ្យសល់ និងកុំឱ្យហួសកាលបរិច្ឆេទនៃសុពលភាពប្រើប្រាស់។ ការធ្វើយុទ្ធនាការដូចបានណែនាំខាងលើនេះ ត្រូវអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់គ្រប់ក្រុមអាយុចាប់ពី៣ឆ្នាំ ឡើងទៅ ហើយអ្នកដែលដល់វេនចាក់ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ក៏ត្រូវផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ សំដៅពង្រឹង និងបង្កើនភាពស៊ាំរបស់បុគ្គល និងសហគមន៍ បានរឹងមាំ ទប់ស្កាត់បានទាន់ពេលវេលា ពីការវាយលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងខ្លួនថ្មីៗ ដើម្បីបងប្អូនប្រជាពលរដ្ឋបន្តការរស់នៅជាធម្មតា ក្នុងប្រក្រតីភាពថ្មី បានជានិរន្តរ៍តរៀងទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំង២៥ ចូលរួមសហការ និងចាត់ចែងអនុវត្តជា បន្ទាន់ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះអំពីនាងខ្ញុំ ៕
ដោយ : សិលា