ភ្នំពេញ : លោក ផាម មីញជីង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទូរស័ព្ទជូនពរបវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។
ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, នៅរសៀលថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ម្សិលមុិញ លោក ផាម មីញជីង នាយករដ្ឋមន្ត្រីនៃសាធារណៈសង្គមនិយមវៀតណាម បានទូរស័ព្ទជូនពរបវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។ លោក ផាម មិញជីង ក៏បានពាំនាំនូវសារជូនពរបស់ លោក អគ្គលេខាធិការបក្ស ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបានផ្តាំផ្ញើជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាជាបងប្អូន។ លោក ផាន មីងជីង បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក និងបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ភ្លឺស្វាង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមម្លប់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាកាន់តែអភិវឌ្ឍ ចំរុងចំរើនថែមទៀត និងសម្រេចបានដោយជោគជ័យក្នុងការដឹកនាំប្រទេស ការដឹកនាំប្រជុំអន្តរជាតិ សំខាន់ៗក្នុងឆ្នាំ ២០២២ ក្នុងនោះរួមមានការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការទទួលដឹកនាំបានល្អក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណ លោក ផាម មីញជើង ដែលបានជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និង ប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីដ៏មានអត្ថន័យ ដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា និងបានអបអរ សាទរនូវរាល់លទ្ធផលជាវិជ្ជមាន ដែលសាធារណៈសង្គមនិយមវៀតណាម សម្រេចបានក្នុងការ គ្រប់គ្រងជំងឺរាតត្បាតសកលកូវីដ-១៩ ការស្តារសេដ្ឋកិច្ចសង្គម និងការបើកប្រទេសឡើងវិញគ្រប់ជ្រុងជ្រោយ ៕
ដោយ : សិលា