ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើរសារអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយប្រជាពលរដ្ឋកម្ពុជា និងបានជំរុញឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា, ក្នុងសារពិសេសនៅថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី២នេះ សម្ដេចតេជោបានលើកឡើងថា បន្ទាប់ពីខកខានប្រារព្ធរយៈពេល ពីរឆ្នាំ។ នៅឆ្នាំនេះកម្ពុជាបានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរវិញ ដែលសម្ដេចសង្កេតឃើញថាពលរដ្ឋមានការចូលរួមនិងសប្បាយរីករាយជាមួយជាមួយនឹងការអបអរពិធីនេះទេ ដោយបានក្រើនរម្លឹកអំពីបញ្ហានៃជំងឺកូវីដ-១៩ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដើម្បីឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។
សម្តេចថ្លែងថា, ក្នុងពេលដែលរដ្ឋាភិបាលបានបង្កើនពីទីតាំងចាក់វ៉ាក់សាំងនៅតាមរមណីយដ្ឋាន និងវត្តអារាមនៅក្នុងពិធីបុណ្យចូលឆ្នាំនេះ សម្ដេចបានស្នើដល់ពលរដ្ឋដែលត្រឡប់ទៅស្រុកកំណើតវិញដែលត្រូវចាក់ជំរុញត្រូវទៅចាក់ដូចជំរុញឲ្យបានច្រើន។
សម្ដេចតេជោថា៖ «ដើម្បីអត្រាដូសជំរុញសម្រាប់ប្រជាពលរដ្ឋរបស់យើង មានភាពស៊ាំដើម្បីធានាថាក្រោយចូលឆ្នាំខ្មែរនេះគឺវ៉ាក់សាំងដូសជំរុញរបស់យើងចំនួនច្រើន»។
ជាងនេះទៅទៀតសម្ដេចបានជំរុញឲ្យពលរដ្ឋដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ សូមប្រើប្រាស់មធ្យោបាយធ្វើតេស្តរហ័សដោយខ្លួនឯងដើម្បីឱ្យដឹងពីស្ថានភាពសុខភាព និងងាយស្រួលការពារការចម្លងទៅអ្នកដទៃ។
ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើង នៅក្នុងអំឡុងពេលនៃពលរដ្ឋចេញដើរកម្សាន្តក្នុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ។
សម្ដេចថា៖ «មុនពេលចូលឆ្នាំថ្មីនិងក្នុងពេលចូលឆ្នាំថ្មីនេះយើងឃើញ ថាមានមនុស្សក្រោម ២០នាក់ដែលបានឆ្លងកូវីដ-១៩ ប៉ុន្តែសម្រាប់គ្រោះថ្នាក់ចរាចរណ៍គឺមានចំនួនច្រើនដែលធ្វើឲ្យមានមនុស្សស្លាប់មានចំនួនច្រើន សូមឲ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់លើការការពារខ្លួន»។
សម្ដេចបានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការប្រុងប្រយ័ត្ននិងថែរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំផងដែរ។
ជាមួយគ្នានេះសម្តេចក៏បានថ្លែងអំណរគុណទៅដល់ ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមថែរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដោយថាការចូលរួមទាំងអស់នេះនឹងធ្វើឲ្យការចូលឆ្នាំថ្មីរបស់កម្ពុជាប្រកបដោយសុវត្ថិភាព៕
ដោយ : សិលា