ខេត្តព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា, រូបសំណាក “ព្រះថោងនាងនាគ” ត្រូវបានរៀបចំនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។ រូបសំណាក ព្រះថោងតោងស្បៃព្រះនាងនាគ ដ៏ធំសម្បើមនេះ មានកម្ពស់ជាង ២១ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយកូនខ្មែរ ត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃ២៥ ខែមីនា ២០២២។
រូបសំណាក “ព្រះថោងនាងនាគ” បានដាក់បែរព្រះភក្ត្រ ឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេង ការកកើតនគរខ្មែរ គឺព្រះនាងនាគបានឲ្យព្រះថោង តោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិម្មិតរូប នៃការកកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ។
រូបសំណាកដ៏ធំស្កឹមស្កៃនេះ ជារូបសំណាកមួយ ក្នុងចំណោមរូបសំណាក់និមិត្តរូប នៃខេត្តព្រះសីហនុចំនួន៤ ដែលរូបសំណាក់៣ផ្សេងទៀតមានដូចជា ៖ រូបសំណាកតោមាស រូបសំណាកព្រះសិវៈ និងព្រះនាងឧមា (សាងសង់ថ្មី) និងរូបសំណាកសីហក្បាលរាជសីជាដើម។
សូមរម្លឹកថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ខណៈអញ្ជើញនាំឧត្តមភរិយាថតរូបជាមួយរូបសំណាកថ្មីដែល ទើបកសាងរួចគឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ បានមានប្រសាសន៍លើផេកផ្លូវការសម្តេចថា, “ពីរនាក់បានហើយ’ !
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, នាំភរិយាថតរូបជាមួយរូបសំណាកថ្មីដែលទើបកសាងរួចគឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ។
សម្តេចតេជោថ្លែងថា, ពេលខ្ញុំរៀបការមិនបានតោងស្បៃទេតែ ថ្ងៃនេះថតជាមួយរូបសំណាកព្រះថោង
តោងស្បៃទុកឱយកូនចៅមើល។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញមកដល់ទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលបានដំឡើងរួចរាល់ជាស្ថាពរ ជាមួយគោរព ទទួលពីថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ អាជ្ញាធរ សមត្ថកិច្ចការពារ សន្តិសុខ សុវត្ថិភាព យ៉ាងយកចិត្តទុកដាក់។
សូមជម្រាបថា រូបបដិមា«ព្រះថោង នាងនាគ »គឺជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕