ខេត្តរតនគិរីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ មានភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជិត៤មុឺននាក់ បានចូលមកលេងកំសាន្តសប្បាយ

ចែករំលែក៖

ខេត្តរតនគិរី ៖ ខេត្តរតនគិរីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ មានភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជិត៤មុឺននាក់ បានចូលមកលេងកំសាន្តសប្បាយ នៅតាមតំបន់ទេសចរណ៍នានាខណៈប្រជាពលរដ្ឋក្នុងខេត្តបានចូលលេងកំសាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្ដរតនគិរីរយៈពេល៣ថ្ងៃមានចំនួន ៥២,៦៨៦នាក់។

អង្គភាពមន្ទីរព័ត៌មាន ខេត្តរតនគិរី បញ្ជាក់ថា, យ៉ាងហោចណាស់ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលលេងកំសាន្តសប្បាយប្រមាណជិត៤មុឺននាក់ នៅតាមតំបន់ទេសចរណ៍ និងតាមរមណីយដ្នាននានានៅក្នុងខេត្ត រតនគិរី (ចាប់ពីថ្ងៃទី១៤-១៥-១៦ មេសាឆ្នាំ២០២២នេះ) ភ្ញៀវទេសចរសរុបចំនួន៣៩,៤៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣៩,២៧២នាក់ និងភ្ញៀវទេសចរអន្តរជាតិ១៦៣នាក់ផងដែរ។បើប្រៀបទៅនឹងឆ្នាំ២០២១ កន្លងទៅ ចំនួនភ្ញៀវទេសចរសរុបមានការកើនឡើង២២១៣% ក្នុងនោះភ្ញៀវជាតិកើនឡើង២២១០% និងភ្ញៀវអន្តរជាតិកើនឡើង១៣៦០% ខណៈឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរណ៍សរុបមានតែ ១,៧០៥នាក់។ នេះតាមការអោយដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីរូបនេះបន្តថា ចំនួនភ្ញៀវទេសចរមានហក់ឡើងខ្លាំងបែបនេះ គឺដោយសារកត្តាសុខ សន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ ជាពិសេសនោះគឺរាជរដ្ឋាភិបាលបានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងបានគ្រប់ៗគ្នា ជាហេតុធ្វើអត្រាឆ្លងជំងឺកូវីដ-១៩ មានការថយចុះ និងមិនមានការស្លាប់ក្នុងរយៈពេលចុងក្រោយនេះ ហើយម្យ៉ាងទៀតពួកគាត់ខកខានមិនបានដើរលេង២ឆ្នាំមកហើយ ដោយសារវិបត្តិ
កូវីដ-១៩។ ហើយរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តដែលមានឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្ត បានរៀបចំរចនាសម្ព័ននានាក្នុងខេត្តបានល្អ និងរៀបចំអោយមានព្រឹត្តិការណ៍សង្រ្កាន្តផងដែរ ទើបមានលំហូរភ្ញៀវទេសចរ ចូលមកលេងកំសាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃនេះ មានការហក់ឡើងគួរអោយមោទនៈ។

ដោយឡែក លោក ងិន ណែល អភិបាលក្រុងបានលុង ក៏បានលើកឡើងផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃមកនេះ រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តរតនគិរី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រកបដោយភាពជោគជ័យ។ហើយមានប្រជាពលរដ្ឋប្រមាណ ៥២,៦៨៦នាក់ បានចូលរួមលេងកំសាន្ត ក្នុងព្រឹត្តិការសង្រ្កាន្ដរយៈពេល៣ថ្ងៃនេះ។ លោកថាពួកគាត់ ពិតជាមានភាពសប្បាយរីករាយជាមួយនឹង ការរាំលេងកំសាន្ត, លេងល្បែងប្រជាប្រិយ, ល្បែងកំសាន្តផ្សេងៗជាច្រើន ជាពិសេសទៀតនោះក៏មានលេងប៉ាតម្សៅ, លេងបាញ់ទឹក និងបាញ់ពពុះទឹក ដ៏គួរឲ្យទាក់ទាញនិងពេញនិយមពីមនុស្សរាប់មុឺននាក់ ចូលរួមលេងកំសាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុង១ថ្ងៃៗ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរាំលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលេង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿទុកចិត្ត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print