លោករដ្ឋមន្ត្រី ថោង ខុន៖ បុណ្យចូលឆ្នាំថ្មី៣ថ្ងៃ មានភ្ញៀវជិត៤លាន៦សែននាក់ចេញដើរកម្សាន្តទូទាំងប្រទេស ខណៈអ្នកខ្លះនៅបង្ហើយថ្ងៃអាទិត្យ១ថ្ងៃទៀត

ចែករំលែក៖

ភ្នំពេញ ៖ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។ នេះបើយោងតាមផេកក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបញ្ជាក់ថា, ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់
* ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់
* ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់
* ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់
* ខេត្តសៀមរាប ៤០០,៥៩១នាក់
* ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់
* ខេត្តព្រៃវែង ៣៨២,៨៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់
* ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់
* ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់
* ខេត្តកំពត ២៥៤,២៧០នាក់
* ខេត្តព្រះសីហនុ ២៣២,២៦៤នាក់
* រាជធានីភ្នំពេញ ២២២,២២០នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះនៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២ម្សិលម៉ិញ។ ជាក់ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្តធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ( ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។
លោកបានបន្តទៀតថា បណ្តាខេត្តដែលមានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃ និងពេលយប់ និងគោលដៅទេសចរណ៍ទាំងអស់បានបើកដំណើរការច្រើន ទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករដូចបានរៀបរាប់ខាងលើ។

បើតាមលោក ថោង ខុន តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំទទួលអាហារជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកផងដែរ។

ផេកក្រសងទេសចរណ៍បន្យថា, ទោះបីចរន្តភ្ញៀវមានភាពកកកុញយ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត រួមជាមួយកម្លាំងប្រជាការពារនៅតាមភូមិឃុំបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ និងចរាចរណ៍ទាំងនៅតាមផ្លូវជាតិ ទីប្រជុំជនក្នុងទីរួមខេត្ត កន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត រួមទាំងគោលដៅទេសចរណ៍នានា ទោះបីប្រឈមនឹងអាកាសធាតុក្តៅ និងហាលភ្លៀងពេលខ្លះក៏ដោយ។

មន្ទីរទេសចរណ៍សហការជាមួយមន្ទីរជំនាញនៃរដ្ឋបាលរាជធានីខេត្តបានចាត់តាំងក្រុមការងារចុះប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យជាដើម ដែលក្នុងរយៈពេល៣ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងទេ។

ជារួម ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកហេដ្ឋារចនាសម្ពន និងភាពជឿជាក់លើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងបានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេសនាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីនេះ បើទោះបីតំបន់ខ្លះស្ថិតនៅដាច់ស្រយាល ឬនៅឆ្ងាយពីទីប្រជុំជនក្នុងបរិបទដែលពិភពលោកនៅបន្តប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print