ភ្ញៀវទេសចរមកលេងកម្សាន្តជាង៣៣ម៉ឺននាក់រយៈពេល៣ថ្ងៃនៃកំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២២

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖  ខេត្តកំពង់ស្ពឺបានទទួលភ្ញៀវទេសចរណ៍ប្រមាណជាង១៤ម៉ឺននាក់មកលេងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ខណៈភ្ញៀវទេសចរណ៍មានការកើនឡើងទ្វេរដងជារៀងរាល់ថ្ងៃ។នេះបើយោងតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២២។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា ក្នុងសង្ក្រាន្តឆ្នាំថ្មី២០២២នេះគឺមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនដោយក្នុងនោះភ្ញៀវបានទៅលេងនៅគ្រប់រមណីយដ្ឋានសហគមន៍នានាក្នុងខេត្ត ហើយអ្វីដែលភ្ញៀវចាប់ចិត្តដក់អារម្មណ៍ខ្លាំងគឺរមណីយដ្ឋានធម្មជាតិគីរីរម្យ ទឹកធ្លាក់ជ្រាវ និងកសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ។នៅថ្ងៃទី១នៃសង្ក្រាន្តភ្ញៀវទេសចរណ៍មានត្រឹមតែ៤៩២៨៨នាក់ប៉ុណ្ណោះដែលមកលេងកម្សាន្តក្នុងខេត្តកំពង់ស្ពឺ ហើយបានហក់ឡើងខ្ពស់ទ្វេរដងនៅថ្ងៃសង្ក្រាន្តទី២ដែលមានរហូតដល់ជាង១០ម៉ឺននាក់និងហក់ខ្ពស់បន្ថែមទៀតនៅថ្ងៃសង្ក្រាន្តទី៣គឺមានចំនួនជាង១៨ម៉ឺននាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តលោក រស់ សុខ បានបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តទាំង៣ថ្ងៃនេះ ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរណ៍សរុបប្រមាណជាង៣៣ម៉ឺននាក់ មានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ(មុនឆ្នាំរីករាលដាលជំងឺគូវីដ-១៩)ដែលបានប្រារព្ធកម្មវិធីសង្ក្រាន្តទទួលទេវតាឆ្នាំថ្មី។នៅក្នុងចំណោមនៃកំណើនភ្ញៀវទេសចរណ៍នេះដែរលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សង្ក្រាន្តឆ្នាំនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្សាន្តច្រើនគួរឱ្យកត់សម្គាល់ដែលគិតត្រឹមរយៈពេល៣ថ្ងៃមានចំនួនភ្ញៀវរហូតដល់ជិត២ពាន់នាក់។
ជាមួយនិងការប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្តទទួលទេវតាឆ្នាំថ្មី២០២២រយៈពេលបីថ្ងៃ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថារយៈពេល២ឆ្នាំដែលខេត្តកំពង់ស្ពឺក៏ដូចបណ្តាខេត្តនានាទូទាំងប្រទេសមិនបានប្រារព្ធពិធីនេះដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ដោយសារតែនយោបាយវ៉ាក់សាំងនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចាក់ស្រោចលើពលរដ្ឋគ្រប់វ័យនៅគ្រប់មូលដ្ឋាន ទើបធ្វើឱ្យប្រជាពលរដ្ឋក៏ដូចថ្នាក់ដឹកនាំមានឱកាសប្រារព្ធពិធីចូលឆ្នាំនេះឡើងវិញនិងដោយសារតែផ្លែផ្កានៃសន្តិភាពបានធ្វើឱ្យប្រជាពលរដ្ឋមានស្នាមញញឹមគ្រប់គ្នា។
ជាមួយនិងស្នាមញញឹមនេះដែរអភិបាលខេត្ត រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានថ្លែងនូវការកោតសរសើរដល់ស្មារតីទទួលខុសត្រូវនិងចំណាយអស់កម្លាំងកាយចិត្តរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនិងកម្លាំងចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការថែរក្សាសុខសុវត្ថិភាពបងប្អូនក្នុងឱកាសដើរលេងកម្សាន្តសង្ក្រាន្តកំពង់ស្ពឺនិងការចេះអធ្យាស្រ័យគ្នារវាងគ្នាក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ។អភិបាលខេត្តរដ្ឋបាលខេត្តសន្យាថានៅឆ្នាំក្រោយៗទៀតនឹងរៀបចំកម្មវិធីសង្ក្រាន្តទទួលទេវតាឆ្នាំថ្មីឱ្យកាន់តែសប្បាយរីករាយជាងនេះតាមរយៈការរិះរកអ្វីដែលថ្មី ប្លែកនិងសម្បើមអស្ចារ្យ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print