ខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់បាល់ឈ្នះនៅចុងម៉ោងជួយឲ្យក្រុមអធិរាជស Real Madrid បានវាយបកវិញពីការស៊ុតបញ្ចូលទីដើម្បីផ្តួលក្រុមម្ចាស់ផ្ទះ Sevilla និងខិតក្នុងការប្រកួតដណ្តើមពានរង្វាន់ La Liga នៅរដូវកាលនេះ។
ក្រុមម្ចាស់ផ្ទះ Sevilla បានធ្វើឱ្យក្រុម Real Mardrid ភ្ញាក់ផ្អើលក្នុងតង់ទី១តាមរយៈការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Ivan Rakiticនៅនាទីទី២១ និងការស៊ុតពីចម្ងាយរបស់កីឡាករ Erik Lamela នៅនាទីទី២៥។ក្រុមភ្ញៀវ Real Madrid បានរកគ្រាប់បាល់បាននៅតង់ទី២វិញ ដោយការស៊ុតបញ្ចូលទី១គ្រាប់សងវិញ នៅដើមតង់ទី២ នាទីទី៥០ ដោយកីឡាករ Rodrygo និងគ្រាប់ទី២រកបានដោយកីឡាករបម្រុង Nacho រកបាននៅនាទីទី៨២តាមស្មើវិញ។ បន្ទាប់មកខ្សែប្រយុទ្ធ Benzema បានបញ្ចប់ការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ដោយរកបាន១គ្រាប់បន្ថែមទៀតដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៩០+២ជិតចប់ការប្រកួតទៅហើយ។ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់កាត់ផុតដៃអ្នកចាំទីក្រុម Sevilla ដើម្បីធ្វើឱ្យប្រាកដថា ក្រុមភ្ញៀវទទួលបានជ័យជម្នះដ៏ធំមួយដែលធ្វើឱ្យពួកគេមាន១៥ពិន្ទុដាច់នៅលើកំពូលតារាង ខណៈការប្រកួតនៅសល់ចំនួន៦ប្រកួតទៀតនឹងចប់រដូវកាល។ការបន្តទម្រង់លេងដ៏ល្អរបស់ Benzema នៅរដូវកាលនេះបានធ្វើឲ្យរូបគាត់រកបានគ្រាប់បាល់ស្ទើរគ្រប់ការប្រកួត ហើយបានបន្ថែមទៅលើវីរភាពឈ្នះការប្រកួតថ្មីៗរបស់ក្រុម។ កីឡាករអន្តរជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីបាន៣គ្រាប់ទល់នឹងក្រុម Chelsea ក្នុងជើងទីមួយនៃក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រ មុនពេលគ្រាប់បាល់របស់គាត់ក្នុងជើងទី២កាលពីសប្តាហ៍មុនបានបិទបញ្ចប់ការទទួលជ័យជម្នះសរុប ៥ទល់៤។
Sevilla ដែលនឹងឡើងទៅលេខ២ជាមួយនឹងការទទួលជ័យជម្នះ និងកាត់បន្ថយគម្លាតនៅកំពូលតារាងមកត្រឹម៩ពិន្ទុ បន្តស្ថិតនៅលេខ៣មាន៦០ពិន្ទុជាមួយក្រុមលេខ២ Barcelona និង Atletico Madrid នៅលេខ៤។ ក្រុម Barcelona មាន២ប្រកួតក្នុងដៃ ប៉ុន្តែការប្រជែងពានរង្វាន់ La Liga រដូវកាលនេះហាក់នៅឆ្ងាយ ដែល Real Madrid គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពានមួយនេះ ៕ (រូបភាព ៖ BBC Sport)