កម្ពុជា​នៅត្រីមាសទី១ ឆ្នាំ២០២២​!​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទទួលបានចំណូលជាង ៩៩លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទើប​ទទួល​បាននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖​ កម្ពុជា​ ​នៅត្រីមាសទី១ ឆ្នាំ២០២២នេះ​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ ទទួលបានចំណូលជាង៩៩លានដុល្លារ។

របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ចំណូលសរុបមានចំនួន ៩៩,១៤៦,៩៧០ដុល្លារ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៥៨៦,៧០០ដុល្លារ។

ដោយឡែក​ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%។​ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ១,៥៩៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៤២ដុល្លារ ក្នុងមួយតោន ស្មើនឹង០.៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

សូមបញ្ជាក់ផងដែរថា​ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

គួរបញ្ជាក់ថា​ កម្ពុជានៅឆ្នាំ២០២១កន្លងទៅ​​ រកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print