លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មហាកុដិ និងសមិទ្ធផលនានា នៅវត្តព្រៃតុម្ព ស្រុកទឹកឈូ ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលបន្តកើតមានទ្បើងនៅក្នុងទីអារាមដែលមានចំណាស់ជាង៣០០ឆ្នាំ ក្រោមដំណើរឆ្លងកាត់ដំណាក់កាលទ្បើងចុះជាច្រើននៃប្រវត្តិអតីតកាល។ សំខាន់នៅក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស។

លោកបណ្ឌិតបន្តថា សុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ។

លោកបណ្ឌិតបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញសម្រាប់ជូនប្រជាពលរដ្ឋ រួមមានទាំង “សន្តិភាពផ្លូវកាយ” គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវស្ថានការណ៍សង្គ្រាម ដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ។ “សន្តិភាពផ្លូវចិត្ត” គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម។ សម្តេចតែងបានគិតគូរ ជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថ្លែងអំណរគុណដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ អនុវត្តភារកិច្ចបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ រួមទាំងការចុះសួរសុខទុក្ខ និងស្វែងយល់ផ្ទាល់ពីស្ថានភាពនៅមូលដ្ឋាន ដែលនេះគឺជាកាតព្វកិច្ចចម្បង និងជាការផ្សាភ្ជាប់មួយយ៉ាងសំខាន់រវាងរាស្ត្រជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើរាស្ត្រ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះរឹតតែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យសក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕

             

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print