លោក ឯម ច័ន្ទមករា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួសត្រាយផ្លូវថ្មី និងបានស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រី​ និងកុមារីដែលមានពិការភាព

ចែករំលែក៖

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីភាពប្រទាក់ក្រឡាក្នុងការអនុវត្តរវាងយេនឌ័រពិការភាព និងសេវាឆ្លើយតប ដើម្បីលើកកម្ពស់ការទទួលបានសេវាដល់សមាជិកក្រុមការងារបញ្ច្រាបយេនឌ័រក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ​ បានលើកឡើងថា៖​ ប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួសត្រាយផ្លូវថ្មី និងបានស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រីនិងកុមារីដែលមានពិការភាពដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។

លោក ឯម ច័ន្ទមករា បានថ្លែងបន្តថា​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថាស្ត្រី និងកុមារី ពិសេសស្ត្រីនិងកុមារីមានពិការភាពទាំងអស់ឱ្យទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ ហើយជំរុញឱ្យសំឡេងរបស់ពួកគេដាក់ចូលទៅក្នុងដំណើរការធ្វើការសម្រេចចិត្ត។

លោករដ្ឋលេខាធិការ​រូបនេះ​ បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានធានានូវសមភាពយេនឌ័រសម្រាប់ស្ត្រីនិងកុមារីមានពិការភាព ហើយបានបង្ហាញពីចក្ខុវិស័យច្បាស់លាស់អំពីសារៈសំខាន់នៃសមភាពយេនឌ័រសម្រាប់ការពង្រឹងអំណាចរបស់ស្ត្រីមានពិការភាពនិងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន»។

លោក​ ឯម​ ច័ន្ទមករា​ បានលើកឡើងពីកិច្ចខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងវិធានការជំនួយសង្គមជាច្រើនផ្ដល់ជូនដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលក្នុងនោះមានទាំងជនមានពិការភាពផងដែរ។​ បន្ថែមពីនេះ​ លោកថា៖ ពេញមួយដំណាក់កាលនៃការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ យើងត្រូវធានាថា វឌ្ឍនភាពដ៏លំបាកលើសមភាពយេនឌ័រក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍កន្លងមកនេះនឹងមិនត្រូវបានលុបចោលដោយសារជំងឺរាតត្បាតឡើង។

ក្នុងពេលជាមួយគ្នានេះលោកក៏បានលើកឡើងដែរថា ពាក្យថាសមភាពយេនឌ័រមិនមែនសំដៅតែលើការលើកតម្កើននារីតែប៉ុណ្ណោះទេ តែជាការធ្វើឱ្យស្មើភាពគ្នារវាងស្ត្រីនិងបុរស ដែលមានន័យថាមិនមានភេទណាមួយត្រូវលើកតម្កើនលើសភេទណាមួយទេ។

លេខាទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោក ខនណ័រ ហ្វ្លដ (Connor Floyd) បានថ្លែងថាការបង្កើនការយល់ដឹងពីសមភាពយេនឌ័រក្នុងវិស័យពិការភាពពិតជាមានសារៈសំខាន់ ដើម្បីដោះស្រាយឧបសកម្មដែលបុរស និងស្ត្រីមានពិការភាពប្រឈមមុខក្នុងការទទួលបានសេវា និងពិចារណាជម្រើសដើម្បីកាត់បន្ថយឧបសគ្គ។ លោកជឿជាក់ថា តាមរយៈការយល់ដឹងកាន់តែច្បាស់ពីសមភាពយេនឌ័រ និងពិការភាពនឹងធ្វើឱ្យរដ្ឋាភិបាល ក៏ដូចជាវិស័យពាក់ព័ន្ធរកឃើញនូវមធ្យោបាយដើម្បីរួមចំណែកដល់ការឆ្លើយតបដល់ការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និងក្រុមនានាក្នុងការចូលរួម និងការទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើងចំពោះ បុរស ស្ត្រី ក្មេងប្រុស និងកុមារីដែលមានពិការភាព។

លោករដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា៖ «ការលុបបំបាត់ការរើសអើង និងការលើកកម្ពស់សិទ្ធិស្ត្រី និងជនមានពិការភាព មិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់អង្គភាព ឬស្ថាប័នណាមួយមួយរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ។ តែជាតួនាទីរបស់យើងទាំងអស់គ្នា»។

ដោយឡែក​យោងតាមការចុះផ្សាយរបស់ សមភាពយេនឌ័រ គឺជាដំណើរការនៃយុត្តិធម៌សម្រាប់ស្ត្រី និងបុរស។ ដើម្បីធានាបាននូវភាពយុត្តិធម៌ យុទ្ធសាស្ត្រ និងវិធានការត្រូវតែមានដើម្បីដោះស្រាយបញ្ហាដែលមានជាប្រវត្តិសាស្ត្រនិងសង្គមរបស់ស្ត្រី ដែលរារាំងស្ត្រី និងបុរស លើភាពស្មើគ្នាក្នុងការប្រកួតប្រជែង។ សមភាពយេនឌ័រតម្រូវឱ្យមានការរីករាយស្មើគ្នាដោយស្ត្រី និងបុរស ទទួលបានការឱ្យតម្លៃពីសង្គម ទទួលបានឱកាស ធនធាន និងរង្វាន់ដូចគ្នា៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print