ភ្នំពេញ ៖ រថយន្តស៊េរីទំនើបLEXUS LX570 ដែលបើកបរដោយបុរសម្នាក់ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កឡើងកាលពីវេលាម៉ោង១២ និង១១នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ 5-0102 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានបត់ឆ្វេងដៃ មិនបានស៊ីញ៉ូ ខណៈមកដល់ត្រង់ចំណុកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-9798 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីលិចទៅកើតស្រប់ទិសគ្នា មកពីក្រោយ ក្នុងល្បឿនលឿន បានវ៉ាឆ្វេងអកហ្សឺជ្រុលទៅបុកពីចំហៀងខាងក្រោយរថយន្តក្រឡុកស៊ីម៉ងត៍ពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក LEXUS LX570 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តក្រឡុកស៊ីម៉ងត៍វិញ គឺរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ