ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសាលិខិតរំលែកមរណទុកជូនក្រុមគ្រួសារសពរបស់លោក ជុច សភា នាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច និងលោក រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នួល ដែលពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបបទល្មេីសគ្រឿងញៀន។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុកអង្គស្នួល និងមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានសម្ដែងនូវសមានទុកស្ដាយស្រណោះអាឡោះអាល័យនិងក្ដុកក្ដួលសង្វេគជាអណែកកប្បការ ព្រោះថាមរណភាពរបស់លោកអនុសេនីយ៍ទោ រីម សុផាន់ណាគឺជាការបាត់បង់ឧត្តមស្វាមីប្រកបដោយភក្ដីភាពបំផុតចំពោះភរិយាជាទីស្រឡាញ់។
លើសពីនេះទៀត នេះគឺជាការបាត់បង់ដ៏ធំធេងនៅមន្ត្រីនគរបាលជាតិមួយរូបដែលបានបម្រើឧត្តមប្រយោជន៍សង្គម ព្រមទាំងបានធ្វើពលិកម្មសព្វបែបយ៉ាងតស៊ូលះបង់តាំងពីកម្លាំងកាយ កម្លាំងប្រាជ្ញា ឆន្ទៈមនសិការ បញ្ញាញាណរួមចំណែកថែរក្សាការពារសុខសន្តិភាព។
ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោស្នងការ សូមឧទ្ទិសដល់វិញ្ញាណខ័ណលោកអនុសេនីយ៍ទោ រីម សុផាន់ណា ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៥លានរៀល ចូលបច្ច័យសពលោកអនុសេនីយ៍ទោ រីម សុផាន់ណា ដែលត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ដែរថា៖ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលរបស់លោកចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈមន្រ្តីម្នាក់ទៀតក៏រងរបួសធ្ងន់ផងដែរ៕ដោយ៖សហការី