ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា៖ មន្រ្តីជំនាញ ក.ប.ប. នៃសាខាខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តកំពង់ធំ បាននឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ តាមរយៈការត្រួតពិនិត្យជាប្រចាំតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា។
ជាលទ្ធផលមន្រ្តីជំនាញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ០៦ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួនសរុប ១៥ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យទៅតាមនីតិវិធីផងដែរ។
គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈមិនសុចរិតចំនួន ៨ទីតាំង ក្នុងចំណោមស្ថានីយនិងដេប៉ូ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុងព្រះសីហនុ ស្រុករមាសហែកនិងស្រុករំដួល ស្រុកជល់គិរី ស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យ និងរាជធានីភ្នំពេញចំនួន៣១ ដែលបានត្រួតពិនិត្យ។ ចំណែកចំពោះម្ចាស់ដេប៉ូដែលត្រូវបានរកឃើញភាពមិនអនុលោម បានទទួលការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ៕
ដោយ៖សហការី