ភ្នំពេញ : នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ លោកស្រី ប៉ាន់ សុខេម និងក្រុមគ្រួសារ ចំពោះការពលីជីវិតរបស់ លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ០៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី ប៉ាន់ សុខម ព្រមទាំងក្រុមគ្រួសារ
លោកស្រី ជាទីរាប់អាន!
តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានក្តីក្តុកក្តួលរន្ធត់ចិត្តជាទីបំផុត ដោយបាន ទទួលដំណឹងថា លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច នៃអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នាថៃ្ងព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
ក្នុងឱកាសប្រកបដោយក្តីក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់លោកវរសេនីយ៍តី ជុច សុភា ដែលជាការបាត់បង់កូន ស្វាមី និងឪពុកជាទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាចក្លាហាន១រូប ដែលជានិច្ចកាលតែងបានលះបង់កម្លាំង កាយចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី ជុច សុភា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ។
សូមលោកស្រី ប៉ាន់ សុខម ព្រមទាំងក្រុមគ្រួសារ ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕
ដោយ : សិលា