សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រៀបចំលៀងសាយភោជន៍ ជូនឯកឧត្តម អំ បឺរឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌានិងគណៈប្រតិភូ

ចែករំលែក៖

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានរៀបចំពិធីលាងលៀងសាយភោជន៍ជូន លោក អំ បឺរឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូ នៅសណ្ឋាគារភូកេត្រាភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីលាងសាយភោជន៍នេះ ស្ថិតក្នុងបរិយាកាសពោរពេញ ដោយមហាភាតរភាពមិត្តភាព។ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍សារជាថ្មីម្តងទៀត នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អំ បឺរឡា និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមផ្តល់កិត្តិយសក្នុងពិធីលៀងសាយភោជន៍ជាមិត្តភាព នារាត្រី ដ៏សែនមនោរម្យនេះ។ សម្តេចបានគូសបញ្ជាក់ថា វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌាដែលជាមិត្តរបស់កម្ពុជានាពេលនេះ ចំពេលគម្រប់ខួប ៧០ឆ្នាំនៃចំណងការទូតដ៏ប្រសើរ ដែលប្រជាជាតិទាំងពីរ បាននិងកំពុងអបអរសាទរ ចំពោះសមិទ្ធផលធំៗដែលប្រសូត្រចេញពីចំណងការទូតជាប្រវត្តិសាស្ត្ររបស់យើង។ 

លោក អំ បឺរឡា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់សម្តេចប្រធានរដ្ឋសភា ជូនឯកឧត្តម និងគណៈប្រតិភូទំាងអស់។ លោក បានលើកឡើងពីទំនាក់ទំនងដ៏សំខាន់រវាងកម្ពុជានិងឥណ្ឌា ដែលមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ស្រដៀងគ្នា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោក អំ បឺរឡា បានសូមឱ្យចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ស្ថិតស្ថេរយូរអង្វែងនិងបានថ្វាយព្រះពរថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនពរ​ ឯកឧត្តម រ៉ាម ណាត កូវីន ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងសូមមានសុខភាព និងព្រះរាជសុខភាពល្អបរិបូរណ៍ និងសូមឱ្យប្រទេសទំាងពីរទទួលបាននូវវឌ្ឍនភាព សេចក្តីសុខ ចម្រុងចម្រើនជារៀងរហូតតទៅ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print