រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ និងមនុស្សប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៩និង១៣០ ស្ថិតក្នុងភូមិថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

   យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលបើកម៉ូតូបង្កហេតុមានឈ្មោះឌឿក សុជាតិ  អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១I-១៨០៧ ខូចខាតទាំងស្រុង។

    ចំណែកភាគីរងគ្រោះដែលស្លាប់មានឈ្មោះ ស្រី វែន  ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ ឈឹម ពិសី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅ ភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-០៦៣៥ ខូចខាតទាំងស្រុង។

   បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាកCBR ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១I-១៨០៧ ធ្វើដំណើរពីលិចទៅកើត លើផ្លូវជាតិលេខ១ ដោយបើកមិនប្រកាន់ស្ដាំក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-០៦៣៥ជិះគ្នា២នាក់ពីកើតទៅលិចបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់បណ្ដាលឱ្យបុរសឈ្មោះ ស្រី វែន ស្លាប់នឹងកន្លែង។

ចំណែកអ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយសមត្ថកិច្ចធ្វើការវាស់វែងអូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង រីឯសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

    

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print