(តពីលេខមុន)
បានជាងកន្លះម៉ោង ក្រុមស្ត្រីជាប្រពន្ធនិងកូនតូចដែលមិនដឹងខ្យល់អីរបស់ទាហានលន់នល់ ទាំងនោះ ត្រូវកងឈ្លបយកទៅឃុំខ្លួនក្នុងបន្ទប់ថ្នាក់រៀននៃសាលាបឋមសិក្សាឯករាជ្យនៅទល់មុខមន្ទីឃុំក្នុងវត្តឯករាជ្យក្រោមសំឡេងទ្រហោយំយ៉ាងទ្រហ៊ឹងដូចហ៊ីងពីក្មេងតូចៗជាមួយសម្រែក ” ម៉ែអើយ! កូនឃ្លានបាយណាស់! ” ឯស្រី្តជាម្ដាយបានត្រឹមអង្វរសមមិត្តកងឈ្លប មិត្តអើយ!មុននឹងស្លាប់មេត្តាឲ្យបាយកូនខ្ញុំហូបមួយចម្អែតមក! និងខ្លះទៀតអស់សង្ឃឹមក្នុងជីវិតស្រែកជំទាលឮខ្លាំងលែងខ្លាចស្លាប់” ឲ្យអ្នកមានបុណ្យអើយជួយខ្ញុំផង!”
ដោយមិនចង់ឃើញភាពវេទនាផ្លូវផ្សារយ៉ាងនេះខ្ញុំបិទលេខទទួលការឈឺចាប់ជំនួសពួកគេដែលគ្មានកំហុសគឺជាពិសេសក្មេងតូចចូលនិងចេះតែគិតសួរខ្លួនឯងថា ថ្ងៃនេះអង្គការសម្លាប់ស្ត្រីទន់ខ្សោយ និងក្មេងមិនទាន់ដឹងក្តី តើថ្ងៃស្អែក ឬ ក៏ខានស្អែកដល់វេនខ្ញុំម្ដងមែនទេ?
ឃើញថាកាន់តែរន្ធត់មែនទែនខខ្ញុំចាកចេញពីដើមត្នោតដើរសំដៅទៅកាន់កន្លែងរោងចាំស្រូវទាំងយប់ងងឹតសូន្យហើយដោយអស់កម្លាំងខ្លាំងពេកពេលទៅដល់ ខ្ញុំសុំលោកតាដែលចាំស្រូវជាមួយនោះដេកមុន។ បិទភ្នែកបានមួយសន្ទុះ ស្រាប់តែឮសំឡេងមនុស្សស្រែកយំល្វើយៗមកប៉ះត្រចៀកខ្ញុំក្នុងចម្ងាយប្រហែលជិត ១០ឥ ម៉ែត្រពីរោងចាំស្រូវ។ សម្រែកបានស្រែកដង្ហោយ ម៉ែអើយ! ជួយកូនផង! តើខ្ញុំមានកំហុសអីបានជាសម្លាប់ខ្ញុំ? សម្លាប់ខ្ញុំចុះកុំសម្លាប់កូនខ្ញុំ! លោកអ្នកមានបុណ្យអើយ!មកជួយខ្ញុំផងខ្ញុំមិនបំភ្លេចគុណទេ! អង្គការរំដោះជាតិរំដោះប្រជាជនអីបើខ្មែរសម្លាប់ខ្មែរគ្នាឯងយ៉ាងនេះ? ជាមួយគ្នានេះដែរសំឡេងបែបសង្គ្រឺតធ្មេញរបស់ឃាតករស្រែកទាំងគំហុកថា ឈាមសងដោយឈាមស្លាប់ទៅមីខ្ម្មាំង!
ពេញមួយយប់ខ្ញុំមានក្តីរន្ធត់និងសម្រែកទាំងនេះ។ ខ្ញុំឱបលោកតាដែលដេកជាមួយខ្ញុំ រួចសួរគាត់តិចៗថា “នេះជាសំឡេងអី? ” លោកតាតបតិចៗស្ដាប់ស្ទើរមិនឮ” អង្គការសម្លាប់មនុស្សចោទថាខ្មាំង” ខ្ញុំសួរគាត់ទៀតថាខ្មាំងទាំងនេះជាស្ត្រី និងក្មេងៗដែលអង្គការនាំមកពីតំបន់ ២៤ កាលពីព្រលប់មែនទេ? ត្រូវហើយ(លោកតាឆ្លើយ) ។កាន់តែរន្ធត់ និងស្លុតចិត្តមែនទែនខ្ញុំខំទាញភួយកញ្ចាស់មកវ័ណ្ឌខ្លួនកុំឲ្យញ័រញាក់ រួចប្រឹងបិទភ្នែកដេកទាល់តែលក់ទាំងអារម្មណ៍ក្តុកក្តួលបំផុត។
លុះព្រលឹមស្រាងៗឡើង ខ្ញុំបានជម្រាបលាលោកតាយកស្បៀងអាហារទៅការដ្ឋានវាយថ្មភ្នំឈើកាច់វិញ។ ខ្ញុំចាកចេញពីរោងចាំស្រូវលួចចោលភ្នែកសម្លឹងមើលទៅក្រោមដើមខ្វិតធំមួយដើមនៅចម្ងាយជាង ១០០ ម៉ែត្រពីរោងដែលខ្ញុំដេកចាំស្រូវ និងជាកន្លែងបន្លឺសំឡេងសម្លាប់មនុស្សកាលពីយប់មិញ។ ខ្ញុំឃើញទង់ជាតិពណ៌ក្រហមប៉ុនកូនចង្អេរកំពុងបក់រវិចៗតាមជំនោរខ្យល់ដោតដងឬស្សីកម្ពស់ជាង ២ ម៉ែត្រពីដីនៅក្រោមដើមខ្វិត។ ជាមួយនេះឃើញកូនឈ្លប ៣ ទៅ ៤ នាក់កំពុងកាយដីកប់រណ្ដៅសពប្រពន្ធកូនទាហានដ៏ធំមួយដែលមិនដឹងថា អង្គការជីកទុកតាំងពីពេលណានោះទេ។ពេលទៅដល់រោងបាយដើម្បីយកស្បៀងទៅហូបនោះ ខ្ញុំឃើញបន្ទប់សាលារៀនដែលឃុំឃាំងមនុស្សកាលពីព្រលប់បាត់មនុស្សអស់រលីងឃើញតែកំណាត់(ក្រណាត់) អាវសំពត់សេសសល់តិចតួចត្រូវខ្យល់បក់ប៉ើងចេញពីបន្ទប់ថ្នាក់រៀន ពោលបានន័យថា អ្នកទោសស្រី្តនិងក្មេងតូចជិត១០០ នាក់នោះត្រូវអង្គការយកទៅសម្លាប់ចោលនៅក្រោមដើមខ្វិតកាលពីយប់នោះហើយ។
(នៅមានត)