បុរសម្នាក់បើករថយន្តព្រូសបុករថយន្តកូរ៉ូឡាចតស្ងៀមពីក្រោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តToyota Prius យ៉ាងលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តCOROLLA ចតស្ងៀមពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ជិតភ្លើងស្តុបផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ធំ2A-0026ចតស្ងៀមនៅប្របចិញ្ចើមផ្លូវក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ម៉ោងកើតហេតុខាងលើក៏មានរថយន្តព្រូសមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BE-9364បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរស្របគ្នាមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកូរ៉ូឡាពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តព្រូសបានយករថយន្តកូរ៉ូឡាទៅជួសជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ៖សុខាសេនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print