អន្តរជាតិ៖ មានសំឡេងផ្ទុះយ៉ាងខ្លាំងនៅយប់ថ្ងៃទី២២ ខែមេសា បណ្តាលឱ្យភ្លើងឆាបឆេះឃ្លាំងស្តុកប្រេងខុសច្បាប់នៅក្នុងរដ្ឋ Imo ប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្សជាង១០០នាក់។
មជ្ឈមណ្ឌលសកម្មជន យុវជននិងបរិស្ថាន(YEAC) ដែលជាអង្គការក្រៅរដ្ឋាភិបាលនីហ្សេរីយ៉ា បានឱ្យដឹងថា ទីតាំងផ្ទុះគឺជារោងចក្រចម្រាញ់ប្រេងខុសច្បាប់ នៅក្នុងរដ្ឋ Imo ។ អភិបាលរដ្ឋ Imo លោក Opiah បានប្រកាសថា បានតាមចាប់ខ្លួនលោក Okenze Onyewoke ម្ចាស់រោងចក្រចម្រាញ់ប្រេងខុសច្បាប់ខាងលើ និងបើកការស្រាវជ្រាវករណីផ្ទុះដែលសម្លាប់មនុស្សជាច្រើននេះ។
សារព័ត៌មាន Daily Post បានដកស្រង់សម្តីលោក Goodluck Opiah មន្ត្រីទទួលបន្ទុកថាមពលប្រេងនៅក្នុងប្រទេសនីហ្សេរីយ៉ាដែលបានឱ្យដឹងថា «ភ្លើងឆាបឆេះនៅក្នុងទីតាំងស្តុកប្រេងខុសច្បាប់ សម្លាប់មនុស្សជាង១០០នាក់ ក្នុងនោះមានសាកសពជាច្រើនមិនអាច កំណត់អត្តសញ្ញាណបានទេដោយសារតែសពឆេះខ្លោច។
កាលពីខែតុលា ឆ្នាំ២០២១ មាន មនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែរ ក្នុងនោះរួមមានទាំងកុមារផងបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះ និងអគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេងខុសច្បាប់មួយផ្សេងទៀតនៅក្នុងរដ្ឋ Rivers នៃប្រទេសនីហ្សេរីយ៉ា៕ ដោយធីរីណា
រូបថត : Daily Post
រូបថត : Reuters