ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយសារតែរថយន្តក្រឡុកស៊ីម៉ង់ត៍ CPAC បើកបុកហើយកិនពីលើអូសទាំងមនុស្ស និងម៉ូតូនៅក្រោមរថយន្តបណ្តាលឲ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលរថយន្តនេះបើកបត់ចូលក្រុមហ៊ុនមិនបានប្រយ័ត្ន មើលឆ្វេងស្តាំឲ្យបានគ្រប់ជ្រុងជ្រោយនោះ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ CPAC ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុជាង២០ឆ្នាំ ភេទប្រុស ជិះម៉ូតូម៉ាកគុបជ្រុង៩០ ពាក់ស្លាកលេខ ន ៨៦៧៤ ភព១ ។ រីឯរថយន្តបង្ក ប្រភេទក្រឡុកស៊ីម៉ង់ត៍ បិទស្លាកយីហោ CPAC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៥A ១២៧៥ ។
សាក្សីបានប្រាប់ថា មុនពេលកើតហេតុ ម៉ូតូនិងរថយន្តបើកស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ។ លុះមកដល់ចំណុចកើតហេតុ ខាងមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ CPAC រថយន្តបានបត់មកស្តាំបម្រុងចូលក្រុមហ៊ុន ប៉ុន្តែស្រាប់តែកៀរម៉ូតូ និងកិនជនរងគ្រោះ អូសពីក្រោមរថយន្តចូលក្រុមហ៊ុន បណ្តាលឲ្យបែកក្បាលស្លាប់តែម្តង ។
សមត្ថកិច្ចជំនាញមូលដ្ឋានបានចុះពិនិត្យដល់កន្លែងកើតហេតុ ហើយបន្តស្រាវជ្រាវរកក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន សាកសពត្រូវយកទៅតំកល់ទុកបណ្តោះអាសន្ននៅវត្តសំបួរមាស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
https://www.facebook.com/nkdnews/videos/553651688127903/
ដោយ៖ ជ្រោយពេជ្រ