សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអុីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពីធី ប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអុីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា វិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី, ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

ឯកឧត្តម ឡូរិនហ្សូ ហ្គាឡន់ទី (Lorenzo Galanti) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអុីតាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា; សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ជាកិច្ចចាប់ផ្ដើម, ខ្ញុំសូមសម្តែងនូវសេចក្តីសោមន្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ឡូរិនហ្សូ ហ្គាឡន់ទី ដើម្បីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតី ចែករំលែករបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល ។

ខ្ញុំសូមរំលឹកថា ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះយើងមិនទាន់ស្គាល់ច្បាស់អំពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្ត បិទព្រំប្រទល់ និងកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ។ ទោះជាយ៉ាងនេះក្តី, ចំណងមិត្តភាពដ៏រឹងមាំ ជាមួយនឹងស្មារតីរួបរួម, សាមគ្គី និងជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស, តំបន់ និង សកលលោកទាំងមូល បានធ្វើឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌ តំបន់ និងសកល បានងើបឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមាន ក៏ដោយ ។
នៅកម្ពុជា, វិបត្តិនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យមានការចាត់វិធានការតឹងរ៉ឹង និងឈានទៅដល់ ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន, ប៉ុន្តែសេដ្ឋកិច្ច កម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣% ក្រោយពីទទួលរងនូវ ឥទ្ធិពលធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២០ ។ ការងើបឡើងវិញនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ ប្រជាជនកម្ពុជា, អង្គការជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហ គមន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ លើគ្រប់វិស័យ ។ ជាក់ស្ដែង, នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ, កម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្តារវិស័យទេសចរណ៍ ដែលជាវិស័យចម្បងចុងក្រោយ ដែលមិនទាន់ត្រូវបានស្តារ និងងើបឡើងវិញ ។

ទន្ទឹមគ្នានេះ ជាមួយភាពបុរេសកម្ម និង ចក្ខុវិស័យវែងឆ្ងាយរាជរដ្ឋាភិបាល មិនដែលបានបន្ថយ ល្បឿននៃការងារកែទម្រង់របស់ខ្លួននោះឡើយ ។ ជាក់ស្ដែង, នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដោយមានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅ ស្តារ និងជំរុញកំណើន, បង្កើតភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ។ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនេះ យ៉ាង យកចិត្តទុកដាក់ ដែលជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងជាង ៥% នៅក្នុង ឆ្នាំ២០២២ និងអាចត្រឡប់ទៅស្ថិតនៅលើមាគ៌ានៃកំណើន ប្រកបដោយភាពរឹងមាំ នៃយុគសម័យមុនវិបត្តិន ជំងឺកូវីដ-១៩។

សម្រាប់ទិសដៅទៅមុខ, ស្របពេលដែលជំងឺកូវីដ-១៩. នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា, រាជរដ្ឋាភិបាល នឹងបន្តជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលអំណោយវ៉ាក់សាំងកូវីដ-១៩ ដ៏ថ្លៃថ្លាពីប្រជា ជន និងរដ្ឋាភិបាលអ៊ីតាលី នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ។ រាជរដ្ឋាភិបាល ក៏បាន និង កំពុងតាមដានការវិវត្តនៃជំលោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល, ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាច ជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ។

បន្ថែម លើនេះ, រាជរដ្ឋាភិបាល ក៏មិនបំភ្លេច និងបានកំពុងគិតគូរដោះស្រាយបញ្ហាចម្បងផ្សេងទៀត ដូចជាបញ្ហាប ប្រួលអាកាសធាតុ, បរិស្ថាន, គាំពារសង្គម និងភាពក្រីក្រ ជាដើម ។

សម្ដេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមសម្តែងនូវអំណរគុណដល់រដ្ឋាភិបាលអ៊ីតាលី ចំពោះកិច្ចខិតខំប្រឹង ប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-កម្ពុជា ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ជាក់ស្ដែង , កម្ពុជាសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរ ចំពោះការបង្កើត ស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជានៅក្នុងឆ្នាំ២០២០ និងភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ច អ៊ីតាលី ជាពិសេសសមាគមធុរកិច្ចអ៊ីតាលីកម្ពុជា (Italian-Cambodian Business Association-ICBA) ក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគននៅកម្ពុជា ។ ស្របពេលជាមួយគ្នានេះដែរ, កម្ពុជាក៏សូមវាយតម្ល ខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន ក្នុងនាមប្រធាន អាស៊ាននៅក្នុងឆ្នាំ ២០២២, កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឱ្យកាន់តែមានភាព រឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៊ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរ កិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត ។

ជាកិច្ចបញ្ចប់, ខ្ញុំសូមអំពាវនាវឱ្យប្រជាជនកម្ពុជា បន្តជឿជាក់លើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង និង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ «៣-ការពារ និង៣-កុំ» ដើម្បីធានាឱ្យ បាននូវការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព និងចីរភាព ។ ខ្ញុំសូម ជូនពរ សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងប្រជាជននៃប្រទេសទាំងពីរ ឱ្យទទួលបាន ជោគជ័យ នៅក្នុងរាល់ភារកិច្ច និងវិបុលភាពចម្រើនរុងរឿង ៕

ដោយ៖សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print