រុស្ស៊ីព្រមាន៖ មិនអាចមើលស្រាលពីសង្គ្រាមបរមាណូនោះឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានប្រកាសទៅកាន់បណ្តាញព័ត៌មានរុស្ស៊ីថា អាចនឹងមានសង្គ្រាមបរមាណូ គឺជារឿងមួយដ៏គ្រោះថ្នាក់ ។

សារព័ត៌មាន រ៉យទ័របានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី២៥ខែមេសា ដែលបានប្រកាសថា ពិភពលោកមិនត្រូវវាយតម្លៃទាបពីសង្គ្រាមបរមាណូនោះឡើយ គឺវាអាចនឹងកើតឡើង ។ ជាមួយគ្នានេះដែរលោកក៏បានបញ្ជាក់ថា អាវុធដែលលោកខាងលិចផ្តល់ទៅឲ្យអ៊ុយក្រែនគឺជាគោលដៅនៃការវាយប្រហារពីទាហានរុស្ស៊ី។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី២៦ ខែមេសា បានដកស្រង់ការប្រកាសរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលបានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចថា កំពុងព្យាយាមបំផ្លាញរុស្ស៉ី ហើយទាមទារឱ្យក្រុមរដ្ឋអាជ្ញាប្រកាន់យកនូវជំហរដ៏តឹងរ៉ឹងជាមួយនឹងអ្វីដែលលោកបានហៅថាជាផែនការដែលរៀបចំឡើងដោយចារកម្មបរទេស ដើម្បីបំបែកបំបាក់ប្រទេស និងបង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។
ថ្លែងទៅកាន់រដ្ឋអាជ្ញាកំពូលរុស្ស៊ី លោក ពូទីន បានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចថា បានញុះញង់អ៊ុយក្រែនឱ្យរៀបចំផែនការវាយប្រហារលើអ្នកសារព័ត៌មានរុស្ស៊ី តែទីក្រុងកៀវ បានបដិសេធ។ លោកពូទីនបន្ថែមថា បណ្ដាប្រទេសលោកខាងលិចបានដឹងថា អ៊ុយក្រែនមិនអាចយកឈ្នះរុស្ស៉ីក្នុងសង្រ្គាមបាន ដូច្នេះបានផ្លាស់ប្តូរទៅផែនការផ្សេងមួយទៀត នោះគឺការបំផ្លាញរុស្ស៉ី។
«កិច្ចការមួយទៀតរបស់បណ្ដាប្រទេសលោកខាងលិច គឺដើម្បីបំបែកសង្គមរុស្ស៉ី និងបំផ្លាញផ្ទៃក្នុង
រុស្ស៉ី។ ប៉ុន្តែ វានឹងមិនដំណើរការទេ។ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយបរទេស និងប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារចារកម្មបណ្ដាប្រទេសលោកខាងលិចដើម្បីរៀបចំផែនការបង្កហេតុ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៉ី»។ នេះជាការបញ្ជាក់របស់លោក ពូទីន។
ទោះជាយ៉ាងណា លោកពូទីន មិនបានផ្តល់ភស្តុតាងភ្លាមៗ ដើម្បីគាំទ្រការថ្លែងរបស់លោកទេ ហើយទីភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនអាចផ្ទៀងផ្ទាត់ការចោទប្រកាន់នេះភ្លាមៗបានដែរ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print