ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៦កន្លងទៅ លោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបាននាំយក សម្ភារប្រើប្រាស់សរុបចំនួន១៤កេសមានតម្លៃប្រមាណ៣៥,០០០ដុល្លារអាមេរិក មកប្រគល់ជូន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជា ប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា នៅសាលដំបូលទូកអគារប៊ូយ៉ុងក្នុងពហុ កីឡដ្ឋានជាតិ ។
លោក គង់ សក្កិដា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាបានមានប្រសាសន៍ថា សម្ភារដែលជាអំណោយរបស់សហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ KUKKI WON “ World Taekwando Headquarters ” ជាសម្ភារអេឡិចត្រូនិកស៊េនសឺ(KP&P) មានតម្លៃ២៥,០០០ដុល្លារសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីប្រកួតនិងវគ្គសិក្ខាសាលាផ្សេងៗ របស់ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា។ ជាមួយគ្នានោះដែរសហព័ន្ធក៏ទទួលបាន ជំនួយឧបត្ថម្ភពីសហព័ន្ធកីឡាតេក្វាន់ដូ World Taekwando Peace Corps (WTPC)ឧបត្ថម្ភតាមរយៈស្ថានទូតកូរ៉េដែរមានចំនួន២០កេសមានតម្លៃ១ម៉ឺនដុល្លារ ។
លោកអគ្គលេខាធិការបានបញ្ជាក់ឲ្យដឹងទៀតថា សម្ភារដែលស្ថានទូតកូរ៉េនាំមក ប្រគល់ជូន លោក ហង់ជួន ណារ៉ុន ថ្ងៃនេះ មានដូចជាគ្រឿងអេឡិចត្រូនិកស៊េនសឺ ឯកសណ្ឋានកីឡា ខ្សែក្រវាត់កីឡា មួកការពារក្បាលប្រដាប់ការពារខ្លួនប្រដាប់ការពារជើងប្រដាប់ការពារពង ស្រោមដៃ ស្រោមជើង ក្តារសម្រាប់ទាត់ និងស្បែក ជើងជាដើម ។
ដោយ៖ សារីម