ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា កម្លាំងសមត្ថកិច្ចនគរបាលជំនាញនៅទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៤៧៩គ្រឿងទៀត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៤០៣គ្រឿង និងរថយន្ត ៧៦គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា៖ កម្លាំងនគរបាលចរាចរណ៍ ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧០,៩៦៥គ្រឿង ក្នុងនោះមានម៉ូតូ ៥៤,៧២៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៦,២៤១គ្រឿង គិតថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។
ជាក់ស្ដែងបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ បត់ជែង សញ្ញាគឺភាគច្រើនអត់មួក ស្រវឹង អត់ស្លាកលេខ ល្មើសសញ្ញា និងទូរស័ព្ទជាដើម។ ដោយឡែករថយន្តល្បឿន ខ្សែក្រវ៉ាត់ អត់ប័ណ្ណបើកបរ លើសចំណុះ ទូរស័ព្ទជាដើម។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្ថែមថា៖ ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ លោកអគ្គស្នងការរង បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
ដោយឡែកបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួស ០៨នាក់ (របួសធ្ងន់ ០៧នាក់)។ រយៈពេល១១៨ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,១៤៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ៦៧៣នាក់ របួស ១,៦៤៥នាក់ (របួសធ្ងន់ ១,០៣៩នាក់)៕ដោយ៖សហការី