ខេត្តស្វាយរៀង ៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា មានក្រុមឈ្មួញនាំសត្វជ្រួកពីប្រទេសវៀតណាមរាល់ថ្ងៃ ដូចហែកឋិន ក្នុង១ថ្ងៃៗរាប់រយក្បាល គឺពី៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ចេញពីព្រំដែនក្រសាំងជ្រំ រួចផ្ទេរដាក់រថយន្ដឱ្យក្រុមឈ្មួញ។ ដោយឡែកអាជ្ញាធរ សមត្ថកិច្ច ជំនាញពេទ្យសត្វ ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ស្ងាត់ស្ងៀមល្អណាស់
ប្រជាពលរដ្ឋបានបញ្ជាក់ថា, ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមក កម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ខេត្តព្រៃវែង និង ភូមិក្រសាំងជ្រំ ឃុំគ្រួស ខេត្តស្វាយរៀង ក្លាយទៅជាអាជីពរបស់ឈ្មួញទៅហើយ ដែលមិនមែនជាចំណូលពន្ធរបស់រដ្ឋ និងងាយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ខណៈមិនបានពិនិត្យសុខភាពសត្វ។
សូមបញ្ជាក់ថា, មានករណីជាក់ស្តែងនៅល្ងាចថ្ងៃទី៣០ ខែមេសាម្សិលមុិញនេះ ឈ្មួញវៀតណាមបានសាងជ្រូករស់មួយជើងចំនួន៤០ក្បាលចេញពីរថយន្ត នៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែន ចូលមកស្រុកខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង។ ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្តបានបួនប្រាំក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មានទៅដល់ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក១គ្រឿង បើកចូលទៅឃុំក្រាំងលាវ ស្រុកកំពង់ត្របែក និង២គ្រឿងទៀតបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋបន្តថា, រថយន្តជាច្រើនគ្រឿងផ្សេងទៀត បានលើកជ្រូកដាក់នោះ បានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមផ្លូវលំក្រវ៉ាត់ព្រំដែន។
ប្រភពដោយឡែកបានឲ្យដឹងថា, ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ។ ការនាំចូលទឹកដីកម្ពុជា យ៉ាងសម្រុក ដោយសារមានអំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធទៅហើយ។
ប្រជាពលរដ្ឋលើកឡើងថា, ចំណែកខាងដីកម្ពុជា ភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រជាពលរដ្ឋហ៊ានទាំងប្រាប់ថា, ឈ្មួញនាំជ្រូកម្នាក់ឈ្មោះ គង់ ជាទាហានដ៏ល្បីល្បាញខាងកាងជ្រូករស់ចូល មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ លក់បន្តឲ្យក្រុមហ៊ុនធំមួយចំនួននឹងតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្ដស្វាយរៀង ដោយអត់មានមន្ត្រីពេទ្យសត្វណាមួយត្រួតពិនិត្យសុខភាពសត្វទេ ដែលសង្ស័យសុទ្ធតែត្រូវគ្នាទាំងអស់ ។ ដូច្នេះសូមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តា ពិនិត្យពិចារណា ស៊ើបអង្កេត ស្រាវជ្រាវ ចំពោះការលួចនាំសត្វជ្រូករស់ចូលទឹកដីកម្ពុជានេះផង។
ជុំវិញករណីខាង ករណីខាងលើនេះដែរ អ្នកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក យ៉ន សុផល មេប៉ុស្តិ៍វរៈការពារព្រំដែន ក្រសាំងជ្រំបាបា ដោយគ្មានអ្នកទទួល។
ការនាំសត្វជ្រូករស់ចូលតាមច្រកបែបនេះ គ្មានការពិនិត្យសុខភាព គ្មានការគ្រប់គ្រងឲ្យបានច្បាស់លាស់ ដោយសមត្ថកិច្ច អាជ្ញាធរ និងជំនាញពេទ្យសត្វ គឺជាបញ្ហាមួយ ងាយធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ ខណៈមិនដឹងថាជ្រូកទាំងនេះមានរោគប្រភេទណា? ៕
ដោយ : សិលា